អតីតប្រមុខស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ៣ នាក់ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាថ្ងៃសុក្រពីបទសូកប៉ាន់អតីតប្រធានាធិបតីលោកស្រី Park Geun-hye ជាមួយនឹងទឹកប្រាក់រាប់លានដុល្លារពីទីភ្នាក់ងារចារកម្មរបស់ប្រទេស។
អ្នកទាំង ៣ នាក់នេះត្រូវបានផ្តន្ទាទោសពីបទផ្តល់ប្រាក់សរុប ៣,៥ ពាន់លានវ៉ុន (៣,២ លានដុល្លារ) ទៅឲ្យលោកស្រី Park ខណៈដែលពួកគេម្នាក់ៗបម្រើការជាប្រមុខនៃសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) ក្រោមការដឹកនាំរបស់ប្រធានាធិបតីនៅចន្លោះឆ្នាំ ២០១៣ និង ២០១៦។
តុលាការទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិសកម្មភាពពិសេសរបស់ NIS គួរតែត្រូវបានចំណាយទៅលើការប្រមូលព័ត៌មានសម្ងាត់។ ក្នុងចំណោមអតីតប្រធាន NIS បីនាក់លោក Lee Byung-kee និងលោក Lee Byung-ho ត្រូវបានដាក់ទោសរយៈពេល ៣ ឆ្នាំកន្លះ។
បុរសទីបីគឺឈ្មោះ Nam Jae-Joon ត្រូវបានគេកាត់ទោសឲ្យជាប់គុកបីឆ្នាំ។ លោក Nam ត្រូវបានជាប់គុករួចទៅហើយរយៈពេល ៤២ ខែនៅក្នុងខែឧសភាសម្រាប់ការរារាំងព្រះរាជអាជ្ញាស៊ើបអង្កេតការជ្រៀតជ្រែកដោយ NIS នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២។
ព្រះរាជអាជ្ញានៅថ្ងៃព្រហស្បតិ៍ ក៏បានទាមទារឲ្យមានការជាប់គុក ១២ ឆ្នាំបន្ថែមទៀតសម្រាប់លោកស្រី Park ពីបទទទួលយកមូលនិធិ NIS ជាការសូកប៉ាន់។
បច្ចុប្បន្នលោកស្រីកំពុងជាប់គុករយៈពេល ២៤ ឆ្នាំ ហើយត្រូវបានគេពិន័យជាទឹកប្រាក់រាប់លានដុល្លារសម្រាប់ការស៊ីសំណូក និងការរំលោភបំពានអំណាចនៅក្នុងករណីពុករលួយដ៏ធំមួយដែលនាំឲ្យលោកស្រីធ្លាក់ពីតំណែង៕ REUTERS
Source: Kampuchea Thmey Daily
0 Comments