ការមកដល់របស់កីឡាករ Lionel Messi នៅទីក្រុង Bronnitsy ដែលជាទីក្រុងដ៏ស្ងាត់ជ្រងំមួយមានពលរដ្ឋរស់នៅត្រឹម២ម៉ឺននាក់ ចម្ងាយប្រហែល៥០គ.មភាគនិរតីទីក្រុងមូស្កូ បានធ្វើឲ្យមានការទាក់ទាញមកកាន់ទីកន្លែងដែលល្បីល្បាញបំផុតសម្រាប់ព្រះវិហារ Archangel Michael ។
ទង់មានរូបកីឡាករ Messiត្រូវបានគេចងព្យួរតាមរបង ខណៈដែលរូបប៉ាណូដ៏ធំមួយទៀតរបស់តារាបាល់ទាត់ក្លិប Barcelonaម្នាក់នេះត្រូវបានគេពាក់នៅជាប់នឹងប៉មអគារពីលើប្រជាពលរដ្ឋក្រុង Bronnitsy។
ក្រុមអ្នកគាំទ្រប្រមាណជា៤០០នាក់ បានជួបជុំគ្នានៅជុំវិញទីលានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីថ្ងៃអង្គារ ដើម្បីទស្សនាការហ្វឹកហាត់លើកដំបូងរបស់ក្រុម ដែលម្នាក់ៗសុទ្ធតែបានផ្តោតសំខាន់មកលើកីឡាករ Messi។
គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានស្រែកឈ្មោះ "Aguero", "Mascherano" ឬក៏"Higuain នោះទេ។ ពួកគេទាំងអស់រង់ចាំតែកីឡាករ Messiម្នាក់គត់ ហើយពួកគេចាប់ផ្តើមស្រែកឈ្មោះរបស់គាត់ ពេលដែលគាត់ចេញមកហ្វឹកហាត់។
ពួកគេបានស្រែកថា"Messi! Messi!" និងព្យាយាមធ្វើឲ្យមានចំណាប់អារម្មណ៍ពីម្ចាស់ពានរង្វាន់បាល់មាស Ballon d'Or ៥ជំនាន់ម្នាក់នេះទៀតផង៕
Source: Kampuchea Thmey Daily
0 Comments