ភ្នំពេញ ៖ តារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា នាឱកាសដែលអតីតគូដណ្តឹង លោក ផន រង្សី រៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការជាមួយនារីគូស្នេហ៍ថ្មី ដែលមានស្រុកកំណើតជាមួយគ្នានោះ ភ្លាមៗគេសង្កេតឃើញតារាកំប្លែងស្រីរូបនេះ បានត្រឹមតែពោលពាក្យជូនពរចំពោះចំណងស្នេហារបស់អ្នកទាំងពីរ។
អតីតគូដណ្តឹងរបស់តារាកំប្លែងកញ្ញា វ៉ាន់ នីឡា គឺលោកផន រង្សី ត្រូវជាកូនថៅកែល្ខោនបាសាក់ប្រចាំខេត្តតាកែវកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានប្រកាសដោយបើកចំហនូវពិធីភ្ជាប់ពាក្យជាមួយអតនាគតភរិយាវ័យក្មេងដែលត្រូវបានគេដឹងថា ជាបុគ្គលម្នាក់រស់នៅភូមិស្រុកជាមួយគ្នា។
ពិធីភ្ជាប់ពាក្យរបស់លោក ផន រង្សី គឺមានការចូលរួមអបអរនិងដឹងឮពីសំណាក់ឪពុក ម្តាយ សាច់ញាតិ និងចាស់ទុំទាំងសងខាងផងដែរ។ ចំណែកគូស្នេហ៍ថ្មីរបស់អតីតគូស្នេហ៍កញ្ញា វ៉ាន់ នីឡា រូបនោះមានឈ្មោះ ហ៊ុន អាប៉ូ ខណៈនារីរូបនេះក៏ត្រូវបានប្រភពបង្ហើបថា ក៏ជាកូនស្រីអ្នកមានទ្រព្យធនគ្រាន់បើប្រចាំស្រុកនោះទៀតផង។
ដោយឡែកងាកមកចាប់អារម្មណ៍លើអតីតគូស្នេហ៍របស់លោក ផន រង្សី គឺកញ្ញា វ៉ាន់ នីឡា ឯណោះវិញ ស្របពេលដែលមានការទម្លាយព័ត៌មានជាសាធារណៈអំពីពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍ចាស់នោះគឺគេពុំបានសង្កេតឃើញនាងបង្ហាញពីអារម្មណ៍ឈឺចាប់ឬខូចចិត្តនោះឡើយ។ ផ្ទុយមកវិញតារាកំប្លែងស្រីរូបស្រស់កញ្ញា វ៉ាន់ នីឡា បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនតាមរយៈការផ្ញើសារជូនពរដោយខ្លីថា ជូនពរអ្នកទាំងពីរឲ្យមានសុភមង្គល។
ជាមួយគ្នានៃការបញ្ចេញសាររបស់តារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា នេះ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការភ្ញាក់ផ្អើលនិងលើកឡើងថា ពិតជាសារជូនពរដ៏មានន័យខ្លាំងណាស់ ដែលនាងបង្វែរពីការខូចចិត្តមកជាការរាប់អានឬមិត្តភាពបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments