លោក សួង ភារម្យ ដែលគេស្គាល់ថា ជាគ្រូបង្វឹកអ្នកចាំទីដែលផលិតបានកីឡាករល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជា បានសម្រេចចេញពីក្លិបក្រសួងការពារជាតិ ហើយចេញទៅចូលរួមជាមួយក្រុមចំណូលថ្មីវិសាខា ដែលជាសមាជិកក្នុងក្លិបពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ដូចគ្នា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបវិសាខា នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ សប្តាហ៍នេះបានបញ្ជាក់ថា ក្លិបក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្លិបបានសម្រេចទទួលយកលោក សួង ភារម្យ ធ្វើជាគ្រូបង្ហាត់អ្នកចាំទីក្លិបវិសាខា។ លោក សួង ភារម្យ នៅទំនេរមួយរយៈ ក្រោយបាត់មុខពីក្លិបក្រសួងការពារជាតិ តាំងពីដើមរដូវកាលឆ្នាំ២០១៨ មកម្ល៉េះ។
ក្រោយចូលរួមក្រុមជើងឯកលីគលំដាប់ទី២កម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ លោកសួង ភារម្យ បានបង្ហាញពីទិសដៅក្នុងការបណ្ដុះបណ្ដាល អ្នកចាំទីរបស់ក្លិបវិសាខា តាមជំនាញដែលលោកមានអាជ្ញាប័ណ្ណជាន់ខ្ពស់ រហូតទៅដល់ FIFA Goalkeeping Licence Coaching Course ឆ្នាំ ២០០២, Asian Football Confederation Course for coaches ឆ្នាំ២០០៣, The AFC ‘A’ Certificate Coaching Course ឆ្នាំ២០១២ និង AFC Level 1 Goalkeeping Coaching Certificate ឆ្នាំ២០១៧។
ក្រោយការចាកចេញរបស់លោក សួង ភារម្យ ក្លិបក្រសួងការពារជាតិ បានឲ្យកីឡាករ អ៊ុំ វិចិត្រ ដើរតួធ្វើជាគ្រូបង្វឹកអ្នកចាំទីបណ្តោះអាសន្នសិន ខណៈកីឡាករ អ៊ុំ សេរីរ័ត្ន ដើរតួជាអ្នកចាំទីដៃទី១បណ្តោះអាសន្ន។ លោក សួង ភារម្យ ត្រូវបង្ហាត់កីឡាករអ្នកចាំទីក្មេងៗមួយចំនួននៅក្នុងក្លិបថ្មីមានដូចជា ជា វ៉ាន់សាក់, កែវ សុខសិលា និង ធឿន សុហួរ ដែលត្រូវការហ្វឹកហាត់ជាមួយអ្នកជំនាញបន្ថែមដើម្បីអនាគតវែងឆ្ងាយ។
ងាកមកមើលស្នាដៃរបស់លោក សួង ភារម្យ ដែលធ្លាប់ធ្វើកន្លងមកគឺលោកធ្លាប់ជាគ្រូបង្វឹកក្រុមក្រសួងការពារជាតិ មុនផ្លាស់ទៅបង្ហាត់ក្រុមយុវជនសាលាបាល់ទាត់ជាតិ នៅបាទីក្នុងខេត្តតាកែវ មួយរយៈ និងត្រឡប់មកចូលរួមក្នុងក្រសួងការពារជាតិ វិញមុនផ្លាស់ទៅវិសាខា នៅពាក់កណ្ដាលរដូវកាលនេះ។ លោកក៏ធ្លាប់ជាប់ឈ្មោះជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិនាពេលកន្លងមកផងដែរ។ កីឡាករដែលលោក ធ្លាប់បង្ហាត់ឲ្យមានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសមានដូចជា ស៊ូ យ៉ាទី របស់បឹងកេត, គង់ ធ្នូ របស់គីរីវង់សុខសែនជ័យ, អ៊ុំ វិចិត្រ និងអ៊ុំ សេរីរ័ត្ន របស់ក្រសួងការពារជាតិ, ហែម ស៊ីម៉ៃ របស់អង្គរថាយហ្គឺរជាដើម៕
Source: Kampuchea Thmey Daily
0 Comments