ភ្នំពេញ ៖ អតីតមន្ត្រីនគរបាលព្រហ្មទណ្ឌ ដែលបាញ់សម្លាប់មនុស្ស ត្រូវបានចៅក្រមតុលាការប្រកាសសាលក្រមនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្រេចផ្ដន្ទាទោស១០ឆ្នាំ តែអនុវត្តទណ្ឌក្នុងពន្ធនាគារត្រឹម៧ឆ្នាំប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម។
ជនត្រូវចោទមានឈ្មោះ សាន បូរី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នាក់នៅ ផ្ទះលេខ៣១២ ផ្លូវលេខ៤៤C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រឿងក្ដីឃាតកម្មនេះ ត្រូវចៅក្រមតុលាការកាត់ទោសកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងសវនាការជនជាប់ចោទ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ខ្លួនបានចូល ទៅហាងផឹកស៊ីមួយ ហើយជនរងគ្រោះដែលបានស្លាប់នោះបាននិយាយឌឺដងដាក់ខ្លួនថា អាប៉ូលិសមាន់ស្ងោរ គ្រាន់តែផឹកស៊ីយកអាវុធមកតាម ក៏មានទំនាស់ពាក្យសំដីតិចតួច ក៏ប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យឈ្មោះ សាន បូរី បានដកអាវុធខ្លីបាញ់ឡើងលើ១គ្រាប់ និង២គ្រាប់បានបាញ់ត្រូវជនរងគ្រោះឈ្មោះ ជ័យ ប៊ុនថន បណ្តាលឲ្យស្លាប់។
សូមជម្រាបថា ទោះជាយ៉ាងណា រឿងក្តីឃាតកម្មខាងលើនេះ ត្រូវបានលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ដើម្បីប្រកាសសាលក្រម។
គួររំលឹកថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៩និង៤០នាទី នៅចំណុច ក្នុងហាងផឹកស៊ីមួយ ផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយឈ្មោះ សាន បូរី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ជ័យ ប៊ុនថន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារស្ទឹងមានជ័យ ស្នាក់នៅ ផ្ទះ ជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។ វត្ថុតាងចាប់យកបានរួមមាន អាវុធខ្លីមួយដើមម៉ាករ៉ូឡូ ពណ៌ខ្មៅ គ្រាប់ចំនួន ០២ គ្រាប់ និង សំបកគ្រាប់ចំនួន ០៣៕
Source: Kampuchea Thmey Daily
0 Comments