ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង ១០៨សំឡេង លើ១០៨សំឡេង នៃអង្គសភាទាំងមូលដែលបានចូលរួម។ ការអនុម័តនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១០ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ៧ ខែមិថុនានេះនៅវិមានរដ្ឋសភា។
ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលអញ្ជើញចូលរួមផងដែរ។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាបានលើកឡើងថា សេចក្តីព្រាងច្បាប់ប្រាក់ឈ្នួលអប្បបរមាមានចំនួន ៦ជំពូក ចែកចេញជា ៣០មាត្រា បានរៀបចំឡើងត្រឹមត្រូវតាមបទបញ្ញត្តិ ដែលមានចែងក្នុងមាត្រា ៩១ថ្មី នៃរដ្ឋធម្មនុញ្ញ និងប្រការ ២១ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោកបន្តថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមស្ថានភាព នៃវឌ្ឍនភាព ផ្នែកសេដ្ឋកិច្ច សង្គម និងស្ថិតក្នុងបរិបទ ដែលប្រទេសក្នុងតំបន់កំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះធ្វើឡើងផ្អែកលើរដ្ឋធម្មនុញ្ញ ជាពិសេសមានត្រា៣៦ កថាខណ្ឌទី២ ដែលចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា»។
លោកប្រធានគណៈកម្មការបន្តទៀតថា ការបង្កើតច្បាប់ប្រាក់ឈ្នួលអប្បបរមានេះ ក៏បង្កើតឲ្យមានក្របខ័ណ្ឌគតិយុត្តិមួយច្បាស់លាស់ ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាមានសារប្រយោជន៍ ក្នុងការធានាភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករ និយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគនៅកម្ពុជា។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឲ្យរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់នេះបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ មានគោលបំណងលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករនិយោជិត ក៏ដូចជាជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែល្អប្រសើរប្រកបដោយភាពទាក់ទាញ។
លោកក៏បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា សមាជិក សមាជិការដ្ឋសភាទាំងមូល ដែលបានអនុម័តសេចក្តីព្រាងច្បាប់នាពេលនេះ។ ការអនុម័តនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភា ក្នុងការអភិវឌ្ឍនូវក្រមគតិយុត្តិ ដើម្បីគាំទ្រយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៤ នៃរដ្ឋសភា ហើយក៏បានបង្កើតនូវក្របខ័ណ្ឌគតិយុត្តិមួយច្បាស់លាស់ ដើម្បីធានានូវការកំណត់ប្រាក់ឈ្នួលអប្បបរមា និងការសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ជៀសវាងការរក្សាទុកប្រាក់បំណាច់នេះរហូតបញ្ចប់កិច្ចសន្យា គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់នៅក្នុងការធានាសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត និងការធានានូវស្ថិរភាពនិរន្តរភាព នៃពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគនៅកម្ពុជា។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រីសន្យាថានឹងចាត់ចែងអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព ដើម្បីធានានូវផលប្រយោជន៍ដល់ជីវភាពប្រជាជន។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ព្រឹកថ្ងៃទី៧ ខែមិថុនានេះដែរ រដ្ឋសភាក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មលើមានត្រាមួយចំនួន នៃសេចក្តីព្រាងច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៩៧ ដោយសំឡេង ១០៧ សំឡេង នៃអង្គសភាទាំងមូលដែលបានចូលរួម ព្រមទាំងបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីស្តង់ដារកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ដោយសំឡេង ១០៧ លើ ១០៧សំឡេង នៃអង្គសម័យប្រជុំទាំងមូលផងដែរ។
សម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ បានផ្អាកនៅវេលាម៉ោង ១១ និង៤៩នាទី ថ្ងៃ ខែ ឆ្នាំដដែល។ ការបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៥បន្តទៀតនឹងមានជូនដំណឹងនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments