កណ្តាល ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោក សាយ សម្ភសន៍សេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកៀនស្វាយចំនួន ១២កញ្ចប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ"ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន" ដែលប្រព្រឹត្តស្ថិតនៅ ឃុំបន្ទាយដែកនឹងឃុំសំរោងធំ ខេត្តកណ្តាល កាលពីថ្ងៃច័ន្ទទី៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទមានទី១ឈ្មោះ ញ៉ាណ ដាវីត ហៅម៉ាប់ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ទី០២ឈ្មោះ យ៉ង់ សិលា ហៅ ខ្លា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០៣ឈ្មោះសួង រាជ ហៅ វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងបីមានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀកស្វាយ ទី០៤ឈ្មោះ ជុំ ឧដ្ឋានសេរី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ លក់ដូរឥវ៉ាន់ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ទី០៥ឈ្មោះ ជា ជាតិ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
អាវុធហត្ថស្រុកកៀនស្វាយបានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងអាវុធហត្ថបានចេញល្បាត ពេលមកដល់ចំណុចកន្លែងលាងម៉ូតូស្ថិតភូមិកណ្តាលលើឃុំបន្ទាយដែក។ កម្លាំងយើងបានឃើញជនម្នាក់ជិះម៉ូតូC១២៥ ពណ៌ខ្មៅយ៉ាងលឿនចូលកន្លែងលាងម៉ូតូ ហើយមានគ្នាវាម្នាក់ទៀតទាញទ្វារបិទប្រញាប់ប្រញាល់។ មានការសង្ស័យកម្លាំងជំនាញបានព័ទ្ធកន្លែងនោះនិងបានការអនុញ្ញាតពីម្ចាស់ទីតាំងនិងមេភូមិចូលរួមកម្លាំងបានអនុវត្តន៍ការឆែកឆេរម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល។ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ទី១ឈ្មោះ ញ៉ាណ ដាវីតហៅ ម៉ាប់ និងឈ្មោះយ៉ង់ សីលា ហៅខ្លា ភេទប្រុស អាយុ២៨ឆ្នាំ ចាប់យកបានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន (ម៉ាទឹកកក)ចំនួន០៥កញ្ចប់ តូច០៣កញ្ចប់ មធ្យម០២កញ្ចប់ កាំភ្លើងឆ្នៃបាញ់គ្រាប់កង់ចំនួន០២ដើមនឹងគ្រាប់០២កូនប្រអប់សម្ភារៈសម្រាប់ជក់នឹងវេចខ្ចប់មួយចំនួន។
បន្ទាប់មកកម្លាំងជំនាញបានធ្វើការសាកសួរ រួចបន្តនីតិវិធី។ ក្រោយមានការឆ្លើយបំភ្លឺរបស់ជនសង្ស័យឈ្មោះញ៉ាណ ដាវីត ទើបជំនាញខេត្តនឹងស្រុកចំនួន១៩នាក់មធ្យោបាយរថយន្ត០៤គ្រឿងដឹកនាំដោយលោកវរសេនីយ៍ទោ ពិន ច័ន្ទតារ៉ា នាយរងសេនាធិការទទួលជំនាញគ្រឿងញៀនខេត្តនឹងដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញា លាវ ស្រេង។ បានអនុវត្តន៍ឆែកឆេរលំនៅឋានឈ្មោះ ជុំ ឧដ្ឋានសេរី ធ្វើការឃាត់ខ្លួនឈ្មោះ ជុំ ឧដ្ឋាន សេរី និងឈ្មោះ សួងរាជ រកឃើញសារធាតុញៀន០៥កញ្ចប់តូច សម្ភារៈជក់នឹងវេចខ្ចប់មួយចំនួន។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១ ទូរស័ព្ទ០១គ្រឿង រួចបន្តទៅឆែកឆេរលំនៅឋាន(ម្ចាស់មិននៅ) ស្ថិតភូមិជ័យឧត្តម២ ឃុំសំរោងធំ ឃាត់ខ្លួនបានឈ្មោះ ជា ជាតិ រកឃើញសារធាតុញៀន០២កញ្ចប់មធ្យម។ សម្ភារៈវេចខ្ចប់មួយចំនួន ដាវដែកចំនួន០១ ទូរស័ព្ទ០១គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments