Ad Code

មាត់​អត់​គម្រប​របស់​លោក​សម រង្ស៊ី អាច​ប្រឈម​បទល្មើស​ថ្មី គឺ​បទ​ប្រមាថ​​​ព្រះមហាក្សត្រ



ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​អះអាងថា ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដែល​កំពុង​រស់​ដោយ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ជា​ព្រះរាជសារ​ក្លែងក្លាយ​នោះ ជាការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ​។​

លោក គឹម សន្តិភាព លើកឡើង​បែបនេះ កាលពី​យ​ប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ និង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយថា លិខិត​ដែល​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​លិខិត​ក្លែងក្លាយ ដែល​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​។ អ្នកនាំពាក្យ​ថា ទង្វើ​ទណ្ឌិត សម រង្ស៊ី ជាការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ល្មើស​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​។​

តាម​លោក គឹម សន្តិភាព រដ្ឋធម្មនុញ្ញ​បានកំណត់​ច្បាស់​ថា “​អង្គ​ព្រះមហាក្សត្រ​មិនអាច​នរណា​រំលោភបំពាន​បានឡើយ​”​។ ការប្រមាថ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ដោយ​ចោទ​ថា ជា​ព្រះរាជសារ​ក្លែងក្លាយ និង​អំពាវនាវ​មិន​អោយ​ខ្វល់ខ្វាយ​ចំពោះ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​នោះ ជាការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​កិត្តិយស និង​ព្រះកិត្តិនាម​អង្គ​ព្រះមហាក្សត្រ​។ លោក​បន្តថា ទង្វើ​នេះ​ជា​អំពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ល្មើស​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ មាត្រា​៤៣៧​ស្ទួន ដែល​កំណត់អោយ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​​​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា លិខិត​របស់​ព្រះមហាក្សត្រ ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នា​ថ្ងៃ​២៩ ខែកក្កដា ខាងមុខ​នោះ គឺជា​លិខិត​ក្លែងក្លាយ​ទេ ឬក៏​ជា​លិខិត​មួយ ដែល​បាន​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង​ពី​ជន​ផ្តាច់ការ​។​

ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្មីៗ​នេះ បានចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ អភិវឌ្ឍ​​​ប្រទេសជាតិ ដោយ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​។ ព្រះរាជសារ​លើកឡើងថា “​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មកនេះ​។ ក្នុងឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក​ជូន​ជនរួមជាតិ អ្នកមាន​សិទ្ធ​បោះឆ្នោត​ទាំងអស់ សូម​អ​ញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់​គ្រប់គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ ដើម្បី​អភិវឌ្ឍ និង​ការរីកចម្រើន​រុងរឿង​ថ្កើងថ្កាន​លើ​គ្រប់​វិស័យ​”​។

ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​បានលើកឡើង​ទៀតថា “​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ គឺជា​ការបោះឆ្នោត​ជាទូទៅ ជា​សកល​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដូចនេះ​សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការគាបសង្កត់​ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់​ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ​។ ខ្ញុំ​សូម​ជនរួមជាតិ​ទាំងអស់​មេត្តា​ប្រើ​សិទ្ធិសេរីភាព​បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ​តើ​មាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់​គណបក្សនយោបាយ​ណាមួយ​ដោយ​សេរី​”៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu