ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងសន្តិសុខបង់ក្លាដែស បានបាញ់សម្លាប់មនុស្សប្រមាណ១៣០នាក់ និងចាប់ខ្លួនមនុស្សចំនួន១៣,០០០នាក់ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ចាប់តាំងពីរដ្ឋាភិបាលបានណែនាំគោលនយោបាយ “គ្មានការអត់ធ្មត់” ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។
នាយករដ្ឋមន្ត្រី Sheikh Hasina បានអនុម័តយុទ្ធនាការប្រឆាំងគ្រឿងញៀនកាលពីដើមខែឧសភាដើម្បីដោះស្រាយការរីករាលដាលនៃថ្នាំញៀនយ៉ាម៉ាដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅតំបន់អាស៊ីនិងមានតម្លៃប្រហែល៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra'ad al-Hussein បាននិយាយថា គ្មាននរណាម្នាក់ត្រូវបោះបង់សិទ្ធិប្រើប្រាស់ឬលក់ថ្នាំញៀនទេហើយគាត់បានជំរុញឲ្យរដ្ឋាភិបាលស៊ើបអង្កេតការស្លាប់ទាំងនោះ។
លោក Zeid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្មានអ្វីត្រូវសង្ស័យទេដែលថាការជួញដូរនិងការលក់ថ្នាំញៀនខុសច្បាប់គឺនាំឲ្យមានការឈឺចាប់យ៉ាងខ្លាំងចំពោះបុគ្គលនិងសហគមន៍ទាំងមូលប៉ុន្តែការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការចាប់ខ្លួនដោយបំពាននិងការរើសអើងចំពោះអ្នកដែលប្រើថ្នាំញៀនមិនអាចជាចម្លើយនោះទេ”។
លោកបន្តថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែលមនុស្សមួយចំនួនធំត្រូវបានសម្លាប់ហើយ រដ្ឋាភិបាលត្រូវធានាដល់សាធារណជនថាមិនមានមនុស្សគ្មានកំហុសណាម្នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវសម្លាប់នោះទេប៉ុន្តែកំហុសអាចកើតឡើងក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន”។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីមុនរដ្ឋាភិបាលបានច្រានចោលរាល់ការលើកឡើងអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការហើយបាននិយាយថា ការបង្ក្រាបនេះគឺមានការគាំទ្រពីប្រជាជន។
ឆ្លើយតបទៅនឹងការរិះគន់របស់លោក Zeid, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង់ក្លាដែសលោក Asaduzzaman Khan បានប្រាប់រ៉យទ័រថា “យើងមិនសម្លាប់នរណាម្នាក់ទេ។ កងកម្លាំងរបស់យើងត្រូវបង្ខំចិត្តបាញ់តបតនៅពេលពួកគេរងការបាញ់ប្រហារ។ យើងនឹងបន្តប្រតិបត្តិការនេះដើម្បីបញ្ឈប់ការប្រើប្រាស់ថ្នាំញៀនដើម្បីជួយសង្គ្រោះក្មេងៗជំនាន់ក្រោយរបស់យើង។ ប្រជាជនកំពុងគាំទ្ររឿងនេះ”។
គួរបញ្ជាក់ថា ថ្នាំញៀនត្រូវបានហូរចេញពីភាគឦសានប្រទេសមីយ៉ាន់ម៉ានិងត្រូវរត់ពន្ធចូលទៅក្នុងប្រទេសបង់ក្លាដែសដែលស្ថិតនៅជិតខាង។
ប្រទេសបង់ក្លាដែសបាននិយាយថា លំហូរជនជាតិរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុនគឺជាផ្នែកមួយដែលត្រូវស្តីបន្ទោសចំពោះការប្រើប្រាស់ថ្នាំមេតំហ្វេតាមីន៕ REUTERS
Source: Kampuchea Thmey Daily
0 Comments