ការផ្ទុះកាលពីថ្ងៃពុធនៃភ្នំភ្លើង Fuego របស់ប្រទេសហ្គាតេម៉ាឡា បានកើនឡើងគួរឲ្យភ័យខ្លាច ដោយបញ្ចេញភក់ដ៏ក្តៅ និងគំនរផេះ ខណៈដែលចំនួនអ្នកស្លាប់ពីការផ្ទុះលើកមុន បានកើនឡើងដល់យ៉ាងតិច៩៩នាក់។
ភាពភ័យខ្លាចនៃការផ្ទុះថ្មីនៃភ្នំភ្លើងកម្ពស់៣,៧៦៣ម៉ែត្រមួយនេះបានធ្វើឲ្យរាំងស្ទះដល់ក្រុមអ្នកជួយសង្គ្រោះចាប់តាំងពីការផ្ទុះកាលពីថ្ងៃអាទិត្យមកដែលបានកប់ភូមិទាំងមូលនៅប៉ែកខាងត្បូងរបស់វា។
ទីភ្នាក់ងារវិទ្យាសាស្ត្រកោសល្យវិច្ច័យជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា កន្លែងដាក់សពបានទទួលសពចំនួន៩៩នាក់ដែលត្រូវបានសម្លាប់ដោយសារតែការផ្ទុះ។
ទីភ្នាក់ងារនេះបាននិយាយថា រហូតមកដល់ពេលនេះមានសពត្រឹមតែ២៨នាក់ប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណ។
លោក Sergio Cabanas ប្រធានភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសហ្គាតេម៉ាឡាបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “យើងមានទិន្នន័យជាមួយឈ្មោះនិងទីកន្លែងដែលមានមនុស្សបាត់ខ្លួនហើយថា តួរលេខគឺ១៩២នាក់”។
ក្រុមអ្នកជំនាញបានព្រមានកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះអាចបង្កឲ្យមានការបាក់ដីដោយសារតែលំហូរនៃភក់ភ្នំភ្លើងចាប់តាំងពីការផ្ទុះកាលពីថ្ងៃអាទិត្យមក។
អ្នកជំនាញខាងភ្នំភ្លើងបានកត់ត្រាអំពីការផ្ទុះភ្នំភ្លើងជាច្រើនដងក្នុងរយៈពេលមួយម៉ោងកាលពីថ្ងៃពុធដែលបង្កើតបានជាផេះដែលមានកម្ពស់៤,៧០០ម៉ែត្រ។
វិទ្យាស្ថានភ្នំភ្លើងវិទ្យាបាននិយាយថា “ការផ្ទុះកំពុងបង្កើតបានជាការរអិលបាក់ដីដែលមានចម្ងាយជាមធ្យមពី៨០០ទៅ១,០០០ម៉ែត្រ”។
ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បានផ្អាកការស្វែងរករបស់ពួកគេកាលពីយប់ថ្ងៃអង្គារបន្ទាប់ពីការផ្ទុះថ្មីបានបណ្តាលឲ្យមានការបាក់ដី។
មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីសហគមន៍ចំនួនប្រាំពីរនៅក្នុងតំបន់ Escuintla ជិតភ្នំភ្លើងខណៈដែលអ្នកស្រុកដែលភ័យស្លន់ស្លោបានប្រញាប់ប្រញាល់ទៅរកឡានរបស់ពួកគេដើម្បីគេចចេញដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍៕ AFP
Source: Kampuchea Thmey Daily
0 Comments