កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា មេធាវីរបស់លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអង្វរឲ្យមានកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីអាមេរិក។
ការលើកឡើងរបស់លោក Rudy Giuliani ដែលមានបំណងបង្ហាញថាលោក ត្រាំ ជាអ្នកចរចាដ៏តឹងតែងនោះគឺអាចបង្កឲ្យមានឧបសគ្គដល់កិច្ចប្រជុំដែលបានគ្រោងទុកក្នុងរយៈពេលតិចជាងមួយសប្តាហ៍មុនពេលវាត្រូវដល់ពេលកំណត់នឹងកើតឡើង។
លោក Evans JR Revere អតីតអ្នកការទូតនៃក្រសួងការបរទេសដែលមានជំនាញអំពីប្រទេសកូរ៉េខាងជើងបាននិយាយថា “ប្រសិនបើប្រជាជនកូរ៉េខាងជើងត្រូវការហេតុផលមួយដើម្បីលុបចោលកិច្ចប្រជុំនោះ អាមេរិកនឹងប្រគល់វាទៅឲ្យពួកគេ”។
លោក Giuliani បានធ្វើការកត់សម្គាល់នេះនៅក្នុងប្រទេសអ៊ីស្រាអែលអំឡុងសន្និសីទទីផ្សារមូលធនមួយដែលនៅទីនោះលោកបានពន្យល់អំពីលំដាប់នៃព្រឹត្តិការណ៍ដែលនាំឲ្យលោក ត្រាំ លុបចោលហើយបន្ទាប់មកស្តារកិច្ចប្រជុំឡើងវិញ។
លោក Giuliani ត្រូវបានដកស្រង់សំដីដោយ AFP ដែលនិយាយថា លោកគីមបានលុតជង្គង់ហើយសំពះដើម្បីកិច្ចប្រជុំបន្ទាប់ពីលោក ត្រាំ លុបចោលវា។
ប៉ុន្តែក្រោយមក លោក Giuliani បាននិយាយការពារការកត់សម្គាល់របស់គាត់។
លោកបានថ្លែងក្នុងបទសម្ភាសតាមទូរស័ព្ទមួយថា “ទាំងនោះគឺជាមតិរបស់ខ្ញុំហើយវាគ្មានអ្វីពាក់ព័ន្ធនឹងរដ្ឋបាលនោះទេ។ នេះគឺជាការបកស្រាយរបស់ខ្ញុំ”។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយសារព័ត៌មាន Associated Press, លោក Giuliani បានច្រានចោលការលើកឡើងដែលថា ការធ្វើអត្ថាធិប្បាយបែបនេះអាចធ្វើឲ្យខូចដល់កិច្ចប្រជុំកំពូល។
លោក Giuliani បាននិយាយថា លោកមិនទទួលបានការឆ្លើយតបណាមួយពីរដ្ឋបាលអំពីការអត្ថាធិប្បាយរបស់គាត់ទេហើយមិនរំពឹងថា វានឹងធ្វើឲ្យប្រជាជនកូរ៉េខាងជើងខឹងសម្បាឡើយ។
គួរបញ្ជាក់ថា វាមិនមែនជាលើកទីមួយទេដែលលោក Giuliani បានលូកដៃចូលក្នុងគោលនយោបាយការបរទេសរបស់លោក ត្រាំ ហើយក៏មិនមែនជាលើកដំបូងដែរដែលការលើកឡើងរបស់គាត់បានគំរាមធ្វើឲ្យមានបញ្ហាថ្មីសម្រាប់លោកប្រធានាធិបតី។
កាលពីខែមុនលោក ត្រាំ បានរិះគន់ជាសាធារណៈអំពីរឿងរ៉ាវរបស់លោក Giuliani ទាក់ទងនឹងការបង់ប្រាក់ដោយមេធាវីផ្ទាល់របស់លោក ត្រាំ គឺលោក Michael Cohen ទៅឲ្យតារាសម្តែង Stephanie Clifford ៕ AGENCIES
Source: Kampuchea Thmey Daily
0 Comments