ប៉ោយប៉ែត ៖ ជម្លោះរវាងអតីតចៅអធិការវត្តភ្នំបាក់លើ ជាមួយស្រីស្នេហ៍កន្លងទៅនោះ មកដល់ពេលនេះ មិនទាន់សាបរលត់នៅឡើយទេ បើទោះបីជាអតីតចៅអធិការខាងលើ ត្រូវបានគេចាប់ផ្សឹកយ៉ាងណាក៏ដោយ ពោលគឺខាងស្រីនៅតែប្តឹងបន្ត ដោយចោទខាងប្រុសថា បានចាប់រំលោភនាងបានសម្រេច ហើយគំរាមសម្លាប់នាងទៀតផង បើហ៊ានយករឿងរំលោភនេះទៅប្រាប់ម៉ែឪនោះ។
សូមបញ្ជាក់ថា ក្រោយពីមានការបែកធ្លាយរឿងអាស្រូវស្នេហារវាងអន្ទិត ជាមួយនារីរូបស្រស់តាមហ្វេសប៊ុកនោះ ព្រះមេគណខេត្ត និងមន្ត្រីគណៈសង្ឃក្នុងខេត្តបន្ទាយមានជ័យ បានសម្រេចហៅលោកស្រិល វណ្ណា ដែលជាចៅអធិការវត្តភ្នំបាក់លើ មកផ្សឹកកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងវត្តសម៉ាធីផល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមសំណូមពររបស់ខាងស្រី ដែលតម្រូវអោយអន្ទិតស្រិល វណ្ណា ផ្សឹកអោយខានតែបាន។ បន្ទាប់មក នាងនឹងបន្តចាត់ការលោកអន្ទិតនោះទៅតាមច្បាប់តទៅទៀត។
បើស្តាប់សម្ដីរបស់អន្ទិតស្រិល វណ្ណា បានសារភាពពីកំហុស ដែលខ្លួនបានព្រមព្រៀងស្រឡាញ់នាងកាយ លីតានោះ គឺលោកពិតជាបានស្រឡាញ់នាងមែន តែលោកថា សាងសង់ព្រះវិហារហើយ លោកនឹងផ្សឹកចូលស្ដីដណ្ដឹងនាង។ លោកថា លោកពិតជាបានអោបថើបនាងមែន តែមិនបានរំលោភនោះទេ។
អន្ទិតរូបនេះបានបន្តទៀតថា មុនពេលកើតហេតុ គឺម្តាយនាងលីតា និងរូបនាង មានជំងឺត្រូវអំពើរបស់គេ ហើយក៏បានរត់រកលោកអោយជួយសង្គ្រោះ។ ក្រោយមកអ្នកទាំងពីរ ក៏បានជាសះស្បើយហើយបានយកលុយមកប្រគេនដល់លោក តែលោកមិនទទួលយកទេ គឺលោកសុំរាប់អានគ្នាតែប៉ុណ្ណោះ។
លោកស្រិល វណ្ណាបានបន្តទៀតថា ក្រោយពីរាប់អានគ្នាហើយ លោកបានទៅលេងផ្ទះខាងស្រីជាញឹកញាប់រហូតបានទំនាក់ទំនងស្នេហាគ្នាស៊ីជម្រៅតែម្តង។ លោកថា មានថ្ងៃមួយ លោកបានហូបបាយនៅផ្ទះនាង លីតា តែលោកហាក់ដូចជាត្រូវអំពើរបស់គេ ព្រោះពេលបាយរួច លោកមានអាការៈសក់ឈឺពេញខ្លួនរហូតវង្វេងបាត់ស្មារតីតែម្តង ឯរឿងស៊ីពោត ហើយគេថតរូបនោះ លោកក៏មិនដឹងខ្លួនផងដែរ បើដឹងលោកក៏មិនឲ្យថតដែរ លោកថា ក្រោយពេលមិនស្រួលខ្លួន លោកក៏បានទៅភ្នំគូលែនក្នុងខេត្តសៀមរាប ដើម្បីអោយគ្រូមើល។ ក្រោយមកនាងលីតាបានទូរស័ព្ទមកលោកជាញឹកញាប់ តែលោកនៅភ្នំគូលែន ជួនកាលមានសេវា ជួនអត់ ដោយសារតែទាក់ទងគ្នាមិនបានបែបនេះ ទើបខាងស្រីយករូបដែលថតលេងកាលពីឆ្នាំមុន មកបង្ហោះសំអុយឈ្មោះលោកតែម្តង។
ចំពោះប្រភពជាច្រើនបានបង្ហោះក្នុងហ្វេសប៊ុកថា លោកស្រិល វណ្ណា និងនាងកាយ លីតា បានព្រមព្រៀងរៀបការជាមួយគ្នាដើម្បីបញ្ចប់បញ្ហា រីឯប្រភពផ្សេងទៀតបានលើកឡើងថា រឿងគូស្នេហ៍ទាំងពីរនេះ គឺជារឿងប្រចណ្ឌគ្នាទៅវិញទៅមកជាមួយនឹងស្រីផ្សេង ដោយសារតែមុនពេលកើតរឿងគេអាចដឹងច្បាស់ថា លោកសង្ឃខាងលើ បានមើលជំងឺឲ្យស្ត្រីផ្សេងទៀតរហូតដល់ជា ហើយលួចស្រឡាញ់នាង។ ក្រោយមកទៀតទើបនាងលីតា ក្តៅក្រហាយ ក៏បង្កបញ្ហាបែបនេះឡើងតែម្ដងទៅ។
ចំពោះនាង លីតា និងក្រុមគ្រួសារ បានអះអាងថា នាងនៅតែបន្តអនុវត្តតាមនូវអ្វីដែលនាងបាននិយាយប្រាប់មហាជន និងព្រះសង្ឃជាច្រើនរួចមកហើយថា នាងត្រូវតែផ្សឹកលោករូបនេះឲ្យបាន ហើយនឹងអនុវត្តទៅតាមផ្លូវច្បាប់។ ក្រោយពេលផ្សឹកលោកនេះបានសម្រេចហើយ នាងកាយ លីតាបានដាក់បណ្ដឹងទៅព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយប្ដឹងទាមទារជំងឺចិត្តពីអន្ទិតស្រិល វណ្ណាចំនួនទឹកប្រាក់៥ ម៉ឺនដុល្លារឯណោះ។
លោកសិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ខាងលោកពិតជាបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះមែន តែពេលនេះលោកកំពុងតែសុំយោបល់ពីព្រះរាជអាជ្ញា ដើម្បីបើកការស៊ើបអង្កេតលើសំណុំរឿងនេះឲ្យបានយុត្តិធម៌បំផុតជូនភាគីទាំងសងខាងនាពេលខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments