សភាប្រទេសប៉េរូបានបញ្ឈរជើងសមាជិកសភាលោក Kenji Fujimori កាលពីល្ងាចថ្ងៃពុធជុំវិញការចោទប្រកាន់ពីបទពុករលួយ ប៉ុន្តែខ្វះចំនួនចាំបាច់ដើម្បីបណ្តេញគាត់ដែលជាផ្នែកមួយនៃការប្រយុទ្ធជាមួយបងស្រីរបស់គាត់ដើម្បីគ្រប់គ្រងលើវង្សត្រកូលនយោបាយរបស់ឪពុក។
បន្ទាប់ពីការជជែកដេញដោលរយៈពេល១១ម៉ោងនៅក្នុងសម័យប្រជុំពេញអង្គមួយ, សមាជិកសភា៦១រូបបានបោះឆ្នោតបញ្ឈរជើងកូនប្រុសពៅរបស់អតីតប្រធានាធិបតី Alberto Fujimori។
ប៉ុន្តែក្រោយមក សមាជិកសភាជាច្រើនរូបបានដើរចេញហើយប្រធានអង្គជំនុំលោក Luis Galarreta បានផ្អាកសម័យប្រជុំដោយលើកឡើងពីកង្វះចំនួនចាំបាច់មុនពេលពួកគេអាចបោះឆ្នោតលើញត្តិមួយដើម្បីបណ្តេញលោក Fujimori តាមការស្នើសុំពីគណបក្សរបស់បងស្រីគាត់និងជាគូប្រជែងគឺលោកស្រី Keiko Fujimori ។
លោក Kenji Fujimori បាននិយាយបន្ទាប់ពីការបោះឆ្នោតថា “ខ្ញុំនិយាយរឿងនេះទៅបងស្រីរបស់ខ្ញុំ។ នៅទីនេះអ្នកមានក្បាលរបស់ខ្ញុំ។ យើងគឺជាជនរងគ្រោះនៃភាពដឹកនាំផ្តាច់ការសភា”។
លោក Fujimori អាយុ៣៨ឆ្នាំត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងទិញសន្លឹកឆ្នោតដើម្បីធ្វើឲ្យអតីតប្រធានាធិបតីលោក Pedro Pablo Kuczynski អាចគេចវេះពីការចោទប្រកាន់បាន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Kuczynski បានលាលែងពីតំណែងកាលពីខែមីនា។
នៅពេលដែលលោក Fujimori លែងចូលរួមមហាសន្និបាតហើយស្ថិតក្រោមការស៊ើបអង្កេតនោះ, ការបោះឆ្នោតកាលពីរាត្រីថ្ងៃពុធបានក្លាយជាជ័យជម្នះសម្រាប់បងស្រីរបស់គាត់ក្នុងការប្រយុទ្ធដើម្បីគ្រប់គ្រងកេរ្តិ៍ដំណែលនយោបាយរបស់ឪពុកឈ្មោះ Alberto ។
ប៉ុន្តែលោក Fujimori មិនត្រូវបានគេដកសិទ្ធិពីនយោបាយទេហើយគាត់និងបងស្រីរបស់គាត់អាចប្រឈមមុខដាក់គ្នាទៅវិញទៅមកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២១។
គួរបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតបញ្ឈរជើងគាត់, ពាក់កណ្តាលនៃសមាជិកសភាក្នុងអង្គជំនុំបានដើរចេញដោយបន្សល់ទុកនៅតែអ្នកគាំទ្របងស្រីរបស់គាត់ប៉ុណ្ណោះ។ នោះមានន័យថា មិនមានចំនួនគ្រប់គ្រាន់ដើម្បីបោះឆ្នោតលើការបណ្តេញលោក Fujimori ទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments