Ad Code

ប្រជាពលរដ្ឋ​ប្រមូល​ទិញ​រទេះគោ​ខ្មែរ​ចាស់ៗ​ យក​​មក​ជួសជុល​ លក់​អោយ​អ្នក​ទីក្រុង



កំពង់ឆ្នាំង​ ៖ ​រទេះគោ​ខ្មែរ​ ដែល​ធ្វើឡើង​អំពី​ឈើ​ល្អ​នានា ​តាម​រចនាប័ទ្ម​ខ្មែរ​ពី​បុរាណ​ ដែល​ជា​កេរ្តិ៍មរតក​បេតិកភណ្ឌ​ជាតិ​សម្បត្តិ​វប្បធម៌​ខ្មែរ ត្រូវ​បាន​អ្នកស្រុក​នៅ​ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ​​ប្រមូល​ទិញ​ពី​តាម​មូលដ្ឋាន​ជនបទ យក​មក​ជួសជុល ​លក់​អោយ​អតិថិជន​ដែល​ភាគច្រើន​គឺជា​អ្នករស់នៅ​ក្នុង​ទីក្រុង យកទៅ​តាំង​លម្អ​នៅក្នុង​ភូមិឋាន​រួមចំណែក​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ជាតិ ទុក​អោយ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​កុំ​អោយ​បាត់បង់។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ លោក មាស សុ​វណ្ណា​រី អាយុ​២៧​ឆ្នាំ ជា​អ្នកប្រមូល​ទិញ​រទេះគោ​ចាស់ៗ​នៅតាម​មូលដ្ឋាន​ជនបទ​យកមក​ជួសជុល​លក់បាន​អោយដឹង​ថា ​៖ លោក​ទើបតែ​ចាប់យក​មុខរបរ​ខាងលើនេះ ​ក្នុង​ឆ្នាំ​២០១៨​នេះ​ទេ ព្រោះថា​មាន​អ្នក​នៅ​ទីក្រុង​មួយ​ចំនួន​បាន​កុម្ម៉ង់​ទិញ​រទេះ​គោខ្មែរ​កន្លងមក ដើម្បី​យក​ទៅ​ដាក់​តាំង​លម្អ​នៅក្នុង​ភូមិដ្ឋាន​ទុក​អោយ​កូនចៅ​បាន​ស្គាល់ ព្រោះថា​មកដល់ពេលនេះ ប្រជាពលរដ្ឋ​ភាគច្រើន​លែង​ប្រើ​រទេះគោ​នេះ​ទៀតហើយ គឺ​ពួកគាត់​នាំគ្នា​មក​ប្រើប្រាស់​គោយន្ត​ជំនួស​វិញ។

លោក មាស សុ​វណ្ណា​រី បាន​អោយដឹងទៀត​ថា ​៖​ រទេះគោ​ចាស់ៗ​ទាំងនេះ​ ដែល​លោកបាន​ទិញ​មក​ក្នុង​១​គ្រឿង​មានតម្លៃ​ពី​២០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល តាម​ការ​ខូច​តិច​ ឬ​ខូច​ច្រើន​ ហើយ​បាន​ជួល​ជាង​មក​ជួសជុល​ដំឡើង​អោយ​ល្អ​ឡើងវិញ ដោយ​អស់​ថ្លៃ​ឈ្នួល​ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​ ទើប​លក់​ចេញ​បាន ហើយ​ពេល​លក់​ចេញ​ទៅវិញ​ក្នុង​១​គ្រឿង​ៗ​មានតម្លៃ​ពី​៣០០​ទៅ​៤៥០​ដុល្លារ​តាម​ប្រភេទ​ឈើ​ធ្នង់ ឬ​ឈើ​គ្រញូង ដែល​ភាគច្រើន​គឺ​បាន​លក់ដាច់​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​តែប៉ុណ្ណោះ។

ដោយឡែក​លោកពូ សំ ប៊ុនលី ជាជាង​ជួសជុល​រទេះគោ បានអោយដឹងថា ​៖ លោក​បាន​ស៊ីឈ្នួល​ជួសជុល​រទេះគោ​ខាងលើនេះ ជិត​១​ឆ្នាំ​ហើយ ដោយ​គិត​តម្លៃ​ឈ្នួល​ក្នុង​១​ថ្ងៃ​២៥.០០០​រៀល និង​ពេលខ្លះ​ការ​ជួសជុល​រទេះគោ​មួយៗ​នេះ អាច​ប្រើ​រយៈពេល​ជួសជុល​ពី​៥​ថ្ងៃ​ទៅ​១​អាទិត្យ តាម​រទេះគោ​ខូច​តិច ឬ​ខូច​ច្រើន។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ​៖ រទេះគោ​ខ្មែរ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដែល​បាន​កើតមាន​តាំង​ពីមុន​សម័យ​អង្គរ​រាប់ពាន់​ឆ្នាំ​មក​ហើយ គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​យើង ជាក់ស្តែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទ​អង្គរ​វត្តមាន រទេះគោ រទេះសាឡី​ដឹក​ស្តេច រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម គឺជា​ស្នាដៃ​របស់​ដូនតា​ខ្មែរ គប្បី​កូន​ខ្មែរ​យើង​នាំគ្នា​រក្សាទុក​ស្នាដៃ​នេះ​កុំ​អោយ​បាត់បង់ គឺ​បើ​វប្បធម៌​រលំ​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ពិតជា​រុងរឿង៕
​ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu