Ad Code

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ចូលរួម​ប្រគល់​ប្រាក់​សំណង​ពលី​ដល់​សព​អនុសេនីយ៍ទោ​សួន​សំបូរ​



ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ ថ្ងៃទី​១២ ខែ​មិថុនា ​ឆ្នាំ​២០១៨ នេះ នៅ​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​ថវិកា​របស់​UN ជូន​គ្រួសារ​សព​លោក​សួន សំបូរ ដែល​បាន​ពលី​ជីវិត​ក្នុង​តំបន់​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី​ ហើយ​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន​និង​កាកសំណល់​សង្គ្រាម​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម បាន​ថ្លែង​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ កងកម្លាំង​កម្ពុជា​ចំនួន​០៩​នាក់ បាន​ទទួល​មរណភាព និង​ពលី​ជីវិត និង​រងរបួស​ចំនួន​១១​នាក់ ដោយ​ជំងឺគ្រុនចាញ់​គ្រោះធម្មជាតិ គ្រឿងផ្ទុះ​កែច្នៃ ជាពិសេស​ការ​វាយប្រហា​រដោយ​ក្រុម​ប្រដាប់អាវុធ​ក្នុង​សាធារណ​អាហ្វ្រិក​កណ្តាល​។

លោក​បាន​បន្ត​ថា គិត​ចាប់ពី​ឆ្នាំ​២០០៦ រហូតមកដល់​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ជាតិ បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ៥៤៨៦​នាក់ ក្នុងនោះ​ស្ត្រី​២៥៤​នាក់ ទៅ​ចូលរួម​បណ្ដា​បេសកកម្ម​ចំនួន​១០ ក្នុងប្រទេស​ចំនួន​៨ រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​រី សាយ​ប្រឺស និង​ម៉ាលី​។ បច្ចុប្បន្ន​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ៨១៣ ស្ត្រី​៦១​នាក់ កំពុង​បំពេញបេសកកម្ម​នៅ ស៊ូដង់ ស៊ូ​ដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល និង​ម៉ាលី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu