កំពង់ស្ពឺ ៖ រថយន្តសណ្តោងរ៉ឺមកដឹកខ្សាច់ បានជ្រុលបុកថយន្តដឹកកម្មករ-កម្មការិនីរោងចក្រពេញមួយទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុករថយន្តដឹកកម្មករនេះ បានកើតមានឡើង នៅថ្ងៃសៅរ៍១១ ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (៦៦-៦៧) ត្រង់ចំណុច ភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍បានឲ្យដឹងថា មានរថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-5619 សឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-0651 អ្នកបើកបរ មិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បើកបរមកពីទិសខាង កើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានរេចង្កូតទៅបុករថយន្ត ០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0652 ដឹកកម្មករ-កម្មការិនី រោងចក្រ វ៉ាសាន់ (វាលស្រែមួយរយ ) អ្នកបើកបរ ឈ្មោះ ស៊ៀក ថេង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំ អូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះក្នុង រថយន្តហ៊ីយ៉ាន់ដាយ ដឹកកម្មករ សរុប ៤៥នាក់ ប្រុស០១នាក់ របួសធ្ងន់ ០៣នាក់ ត្រូវបានរថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានឲ្យដឹងថា បន្ទាប់កើតហេតុរហូតដល់ពេលនេះពុំទាន់មានជនរងគ្រោះណាម្នាក់ស្លាប់នៅឡើយទេ។ លោកបន្តទៀតថា កម្លាំងសមត្ថ និងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តក្នុងជួយសង្គ្រោះបងប្អូនកម្មករ-កម្មការិនីដោយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
បច្ចុប្បន្នវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments