ភ្នំពេញ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម (ចំណុចបំបែកផ្លូវជាតិលេខ៦១) ទៅអង្គ្រង ខេត្តសៀមរាបដែលមានតម្លៃប្រមាណជាង ២៤៨,៨ លានដុល្លារ ដែលពិធីប្រារព្ធធ្វើនៅក្នុងពហុកីឡាដ្ឋានថ្មី ខេត្តកំពង់ធំ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦នេះ មានប្រវែងជាង២៤៨ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដោយចំណាយថវិកាប្រមាណ ២៤៨,៨លានដុល្លារ។ ការសាងសង់ផ្លូវនេះ ត្រូវបានបែងចែកជា២កំណាត់ គឺកំណាត់ទី១- ចាប់ពី ថ្នល់កែង-ស្គន់ ក្នុងខេត្តកំពង់ចាមប្រវែង២៨,៧២គីឡូម៉ែត្រ ត្រូវបានសាងសង់ពង្រីកទៅ៤គន្លង។ កំណាត់ទី២-ចាប់ពីស្គន់-អង្គ្រង(ផ្លូវ២គន្លង)ប្រវែងសរុប ២១៩,៨គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងផ្លូវដល់១២ម៉ែត្រ។ ក្នុងនោះពីស្គន់ទៅស្ទឹងសែនខេត្តកំពង់ធំប្រវែង ១០២,៩ គីឡូម៉ែត្រ និងចាប់ពីស្ទឹងសែនទៅអង្គ្រង ខេត្តសៀមរាបប្រវែង ១១៦,៩ គីឡូម៉ែត្រ។
កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co ., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd។
តួនាទីផ្លូវជាតិលេខ ៦ នេះសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាភាពមមាញឹកនៃផ្លូវនេះ គឺតភ្ជាប់ពីទីក្រុងភ្នំពេញរបស់ទៅកាន់ភាគកណ្ដាលនៃប្រទេសនោះគឺឆ្ពោះទៅកាន់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដែលកំពុងតែបន្តកសាងផ្លូវ ៤ គន្លងពីថ្នល់កែងទៅទល់ស្គន់ ហើយចាប់ពីស្គន់ទៅខេត្តសៀមរាបក៏ពង្រីកផ្លូវនេះយ៉ាងធំ។ ផ្លូវនេះជាផ្លូវដឹកជញ្ជូនផងនិងក៏ជាផ្លូវសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅកាន់ក្រុងទេសចរណ៍ផងដែរ។
សូមរំលឹកដែរថា កំណាត់ផ្លូវជាតិលេខ៦ ពីព្រែកលៀបរាជធានីភ្នំពេញ ទៅថ្នល់កែង ប្រវែងជាង ៤០គីឡូម៉ែត្រ ដែលពង្រីកដល់ ៤គន្លង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមកហើយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ កំណាត់ផ្លូវនេះ បានចំណាយថវិកាសាងសង់សរុប ៧០,២៥ លានដុល្លារអាមេរិក ដែលក្នុងនោះជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ កំណាត់ផ្លូវជាតិលេខ៦នេះ បានចាប់ផ្ដើមសាងសង់តាំងពីខែមករាឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧ ដោយក្រុមហ៊ុនសំណង់ Shanghai Group និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Guangzhou Wanan (Guangzhou Wanan Construction Supervision Co.,Ltd.) របស់សាធារណរដ្ឋប្រជាមានិតចិន៕
Source: Kampuchea Thmey Daily
0 Comments