Ad Code

រថយន្ត​កាមរី​ហើម បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ ម្នាក់​ទៀត​រង​របួស​ធ្ងន់



រតនគិរី ​​៖​ រថយន្ត​កាមរី​ហើម​១​គ្រឿង​ពន្លះ​ម៉ូតូ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ម្នាក់​ និង​រង​របួសធ្ងន់​ម្នាក់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ហើយ​ខ្យល់​បោកបក់​​​ថែមទៀត​ មើលផ្លូវ​ពុំ​ឃើញ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​តែម្តង។

គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បានកើត​ឡើង​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃអាទិត្យ ១២​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅត្រង់ចំណុច វាល​រំ​ប្លង់ ស្ថិតនៅ​ក្នុងភូមិ​តង​កា​ម៉ា​ល ឃុំ​អូរ​ជុំ ស្រុក​អូរជុំ។

នគរបាល​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ស្មៀន ថៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​គ្រឹ​ង ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សា​ទុក ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ បើកបរ​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ហើម ស៊េរី​ឆ្នាំ​95 ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-0362។

នគរបាល បន្ត​ថា ជនរងគ្រោះ​ឈ្មោះ ម៉ាង ធន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​គ្រឹ​ង (​ស្លាប់​) មានមុខ​របរ​ជា​នគរបាល នាយរង​ការិយាល័យ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោក ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ី​រុស ពណ៌​ខ្មៅ អត់​ស្លាក​លេខ។

រីឯ​ប្រពន្ធ​ឈ្មោះ ឡ​ញ រេល អាយុ​៤០​ឆ្នាំ ជនជាតិ​ទំពួន បាន​រង​របួស​ធ្ងន់ បាក់​ជើង​ម្ខាង ​ហើយ​ត្រូវបាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​រតនគីរី។

ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​ចុះមក​អន្តរាគមន៍ ហើយ​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ក្រោម​ការ​សម្របសម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត។

ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច អូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជុំ​ដើម្បី រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់។

ចំណែក​សាកសព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu