Ad Code

លោក​ចេង មុនី​រ៉ា នាំ​យក​អំណោយ​របស់​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​​​ចំនួន​៣០​គ្រួសារ​នៅ​សង្កាត់​វាល​ស្បូវ



ភ្នំពេញ ៖ ​លោក​ចេង មុនី​រ៉ា​ អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ និង​ជា​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ កាលពី​រសៀល​ថ្ងៃទី​៧​ ខែមិថុនា​នេះ​ បាន​នាំយក​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ ​ដែល​កំពុង​រស់​នៅក្នុង​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

លោក​ចេង មុនី​រ៉ា បាន​ថ្លែង​ថា ថ្ងៃនេះ​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ បាន​នាំ​យក​អំណោយ​មួយ​ចំនួន មក​ចែក​ជូន​បងប្អូន ប្រជាពលរដ្ឋ ក្រីក្រ​ក្នុង​មូលដ្ឋាន​សង្កាត់​វាល​ស្បូវ ដែល​អំណោយ​ទាំងនេះ​រួមមាន​ ៖ ​អង្ករ ៣០​គីឡូក្រាម ទឹកស៊ីអ៊ីវ ១​យួរ និង​ធុង​ចម្រោះ​ទឹក​ស្អាត និង​ថវិកា ៣​ម៉ឺន​រៀល​ផង​ដែរ។ បើទោះជា​អំណោយ​ទាំងនេះ​មិន​ច្រើន​ក៏ពិតមែន តែ​វា​ជា​ទឹក ចិត្ត​មនុស្សធម៌ ជួយ​គ្នា​ក្នុង​គ្រាក្រ អាច​រំលែក​ការ​លំបាក​របស់​បងប្អូន​បាន​មួយ​គ្រា ហើយ​អាជ្ញាធរ​មូលដ្ឋាន មិន​ទុក​ឱ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះ​ទេ។

លោក ចេង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ មានប្រសាសន៍​ថា “​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ កាកបាទក្រហម​ខណ្ឌ តែងតែ​បាន​ផ្តល់​អំណោយ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ជា​ញឹកញាប់ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ បក្ខពួក​ពណ៌​សម្បុរ​នោះ​ឡើយ ពោលគឺ​ឱ្យតែ​បាន​ដឹងថា មាន​ពលរដ្ឋ ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅទីណា កាកបាទក្រហមកម្ពុជា តែងតែ​ចុះទៅ​ជួយ​តាម លទ្ធភាព ដល់​ទី​នោះ​”​។​

ជាមួយគ្នានេះ​ លោក​អភិបាល ក៏បាន​រំលឹក​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់គ្នា ព្រោះ​ពេលវេលា នៃ​ការបោះឆ្នោត គឺ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បោះឆ្នោត​ជាតិ អាណត្តិ​ទី​៦ ដូច្នេះ​សុំ​បងប្អូន​ចូលរួម​បោះឆ្នោត​ជ្រើសរើស មេដឹកនាំ​រួមសុខទុក្ខ​ជាមួយ​បងប្អូន មេដឹកនាំ​ដែល​នាំ​សន្តិភាព​ជូន​ប្រទេសជាតិ​ដូច​សព្វថ្ងៃនេះ ឱ្យបាន​គ្រប់ៗ​គ្នា​។ រួមគ្នា​ការពារ​សន្តិភាព ដែល​ប្រឹងប្រែង​បានមក​ដោយ​លំបាក កុំឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ជួប ប្រទះ​ទុក្ខវេទនា ដូច​ពីមុន​ទៀត៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu