កណ្តាល ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងពីនាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលបើកម៉ូតូមិនគោរពស្លាកសញ្ញាហាមឃាត់ បណ្តាលឲ្យទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០០ និង ០៥ នាទី យប់ នៅចំណុចខាងមុខយានដ្ឋានយីហោ សុរាយុធ អូតូ រីភែ លើផ្លូវជាតិ លេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
លោកវរសេនីយ៍ ស កែវពិសិដ្ខ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះទី០១.ឈ្មោះ ឈួន ឈឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្លាប់ ទី០២ឈ្មោះ ស៊ាន តុលា ភេទប្រុស អាយុ២៩ឆ្នាំ នៅផ្ទះជួលភូមិលេខ២ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃគយ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី០៣ឈ្មោះ ឆើត ស្រីណែត ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិព្រែកសំរោង៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ អ្នកទាំងពីរ រងរបួសធ្ងន់។
លោកអធិការបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1X-5989(មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់)អ្នកបើកបរឈ្មោះ ឈួន ឈឿន ភេទប្រុស បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុក៏បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125 ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DM-0961(មិនពាក់មួកសុវត្ថិភាព
និងគ្មានកញ្ចក់)អ្នកបើកបរឈ្មោះ ស៊ាន តុលា ភេទប្រុស (រងរបួសធ្ងន់ត្រូវបានរថយន្តរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ)និងមានអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ ឆើត ស្រីណែត ភេទស្រី (រងរបួសធ្ងន់ត្រូវបានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ)បើកបរក្នុងទិសដៅពីជើងមកត្បូង។
មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments