Ad Code

អនុប្រធាន​ទី​២ នៃ​រដ្ឋសភា អំពាវនាវ​ដល់​ជនរួមជាតិ អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ



កំពង់ធំ​ ៖ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា បាន​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ក្នុងន័យ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ដើម្បី​ជោគវាសនា​ខ្លួន និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង​កសាង​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត។

នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ស្វាយ​ភ្លើង ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល បាន​ជម្រាបជូន​ថា ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​នឹង​ឈានចូល​ជិត​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ដូច្នេះ​សូម​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ឯកឧត្តម​បណ្ឌិត​អនុប្រធាន​ទី​២​រដ្ឋសភា​បាន​រំលឹកថា សូមកុំ​ឱ្យ​ជឿ​តាម​ជន​អគតិ​មួយចំនួន ដែល​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​។ ត្រូវ​យល់ថា​ការបោះឆ្នោត គឺជា​ការប្រើប្រាស់​សិទ្ធិរ​បស់​ខ្លួន​ដោយផ្ទាល់ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​មិនបាន​ទៅ​បោះឆ្នោត​ទេនោះ ​នឹង​បាត់បង់​សិទ្ធិ ក្នុងការ​សម្រេចចិត្តរ​បស់​ខ្លួន​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​។ ឯកឧត្តម​បណ្ឌិត​អនុប្រធាន​ទី​២​រដ្ឋសភា​បានលើកឡើង​ថា សមិទ្ធផល​ជាច្រើន​ដែល​បាន​សម្ពោធ​នាឱកាស​នេះ គឺ​ដោយសារ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ប្រសូត្រ​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែ​បើ​ប្រទេសជាតិ​មិនមាន​សន្តិភាព​នោះ​ទេ អ្វីៗ​មិន​អាច​កសាង​បាន​ឡើយ ហើយ​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ក៏​គ្មាន​ដែរ។ ជាមួយ​ការ​ថ្លែងអំណរគុណ​ដល់​សប្បុរសជន និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល ក៏បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ស្ថាបនា​ជាតិ​ប្រគេន និង​ជូន​ដល់​សប្បុរសជន ដែល​បាន​ចូលរួមចំណែក​កសាង អភិវឌ្ឍន៍​សង្គមជាតិ និង​បាន​ប្រគេន​ថវិកា និង​សម្ភារៈ​ចំពោះ​ព្រះសង្ឃ និង​កាត់​ខ្សែបូ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នាពេលនោះ​ផងដែរ​។​

តាម​របាយការណ៍​លោក ហាក់ ម៉ុង​ហ៊ួ​ត អភិបាលស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា វត្ត​ស្វាយ​ភ្លើង​មាន​អាយុកាល​១៥០​ឆ្នាំ​មកហើយ តែ​ក្នុង​របប​ប្រល័យពូជសាសន៍​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ត្រូវបាន​បំផ្លិចបំផ្លាញ​គ្មាន​សល់​។ ចាប់តាំងពី​ឆ្នាំ​១៩៨០​ក្រោម​ការយកចិត្តទុកដាក់​ផ្តួចផ្តើម​គំនិត​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល រួមជាមួយ​ពុទ្ធបរិស័ទ​ក្នុង​និង​ក្រៅប្រទេស បានសម្រេច​កសាង​នូវ​សមិទ្ធផល​ជាច្រើន​រួមមាន​ព្រះវិហារ​ ឧបដ្ឋានសាលា កុដិ​តូចធំ ជា​បន្តបន្ទាប់​សម្រាប់​ព​ល​រដ្ឋ​គោរព​បូជា​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៨​ម៉ឺន​ដុល្លារ​អាមេរិក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu