ភ្នំពេញ ៖ នៅវេលាម៉ោង១០និង១១នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកធ្វើសន្និសីទកាសែតស្តីពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន សម្រាប់សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ដែលសន្និសីទនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស។
សូមបញ្ជាក់ថា កម្ពុជា និងប្រទេសចំនួន១៥ ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ នឹងធ្វើជាអនុប្រធានរួមគ្នាជាមួយនឹងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ២០១៨-២០១៩ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩។
រដ្ឋាភិបាលកម្ពុជា បានដាក់ស្នើបេក្ខភាពជាអនុប្រធាន នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់សម័យប្រជុំលើកទី៧៣ កាលពីខែមករា ឆ្នាំ២០១៧។ នៅក្នុងខែខែ កុម្ភៈ ឆ្នាំ២០១៨ បេក្ខភាពនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន ៤ ផ្សេងទៀត ទទួលបានការគាំទ្រជាផ្លូវការ ដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣។
ក្នុងឋានៈជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជា អាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន។ លើសពីនេះទៀត កម្ពុជា ក៏នឹងក្លាយជាសមាជិកនៃគណៈកម្មាធិការទូទៅ ដែលមានមុខងារដូចជា ពិនិត្យរបៀបវារៈបណ្ដោះអាសន្ន និងបញ្ជីបន្ថែមចំណុចពិភាក្សា ផ្ដល់អនុសាសន៍ដល់មហាសន្និបាត និងជួយដល់ប្រធាន និងមហាសន្និបាតក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារទូទៅរបស់មហាសន្និបាត។
គួររម្លឹកដែរថា កម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិជាលើកដំបូង កាលពីសម័យប្រជុំលើកទី ៥៦ នៃអាណត្តិឆ្នាំ ២០០១-២០០២៕
Source: Kampuchea Thmey Daily
0 Comments