Ad Code

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សន្យា​ផ្ដល់​ម៉ូតូ​ម្នាក់​មួយគ្រឿង​ដល់​សិស្ស ដែល​ប្រឡង​ជាប់​និទ្ទេស​A



កណ្តាល ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កោះធំ បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទាំង​៤ ស្ថិត​ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​។

​ពិធី​នេះ​ប្រព្រឹត្ត​ឡើង ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន និង​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទាំង​៤ សរុប​ប្រមាណ ៧៩២នាក់។



ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្ដាំ​ផ្ញើ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យកចំណេះ​ទាំងនេះ​មក​បម្រើ​ប្រទេសជាតិ​របស់​យើង។ ពី​ព្រោះ​ថា ចំណេះវិជ្ជា​ជា​ទ្រព្យ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ស្របតាម​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ពោល​ថា​ «​ចំណេះវិជ្ជា​ជា​ទ្រព្យ​ដ៏​ចំណាន ចោរលួច​មិនបាន ចាយ​ច្រើន​រឹតតែ​ចម្រើន​ឡើង​»​។

ទេសរដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការ​អ្នកចេះដឹង​ពិតប្រាកដ​បន្ថែម​ទៀត​ដើម្បី​ជួយ អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​គោលបំណង​ប្រែក្លាយ​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ទៅជា​ប្រទេស​អភិវឌ្ឍ​ជឿនលឿន ដូច​បណ្តា​ប្រទេស​អភិវឌ្ឍ​មួយចំនួន​លើ​សកលលោក​។



ជា​មួយ​គ្នា​នេះ​ផង​ដែរ ​ទេសរដ្ឋមន្ត្រី បាន​សន្យា​ផ្តល់​ម៉ូតូ​មួយគ្រឿង​ដល់​សិស្ស​ដែល​ប្រឡង​ជាប់ ទទួល​បាន​និទ្ទេស A និង​សិស្ស​ដែល​ប្រឡង​ជាប់​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត ចំនួន ១០​ម៉ឺន​រៀល ជាពិសេស​ស្វែងរក​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​នានា​នៅក្នុង​ស្រុក​ផ្ដល់ជូន​សិស្ស​ក្នុងស្រុក​កោះធំ និង​នាំ​ក្មួយៗ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កំពង់ឆ្នាំង ដើម្បី​ស្វែងយល់​ពី ការ​រីកចម្រើន​របស់​ប្រទេសជាតិ​ផងដែរ​។

លោក ស៊ុន ចាន់ថុល ក៏បាន​ក្រើន​រំឭក​ផង​ដែរ​ឲ្យ​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​តាំងចិត្ត​ឲ្យ មុត​ស្រួច ស្វែងរក​គ្រប់​មធ្យោបាយ ប្រើ​ឲ្យ​អស់​សមត្ថភាព និង​សក្ដានុពល​របស់​ខ្លួន ពិសេស​រំឭក​មេរៀន​ឲ្យ បាន​ញឹកញាប់ ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ មុន​ពេល​ថ្ងៃ​ប្រឡង​មកដល់ និង​បាន​ជូនពរ​ឲ្យ​ពួកគាត់​ប្រឡង ជាប់​គ្រប់ៗ​គ្នា ជាពិសេស​ទទួល​បាន​និទ្ទេស A ឲ្យបាន​ច្រើនជាង​ឆ្នាំមុនៗ។

សូម​ជម្រាប​ជូន​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​ក្នុង​នោះ​នៅ​ស្រុក​កោះធំ មាន​មណ្ឌល ប្រឡង ចំនួន បី រួមមាន ៖ វិទ្យាល័យ ហ៊ុន សែន ស្អាង (​ជើង​) វិទ្យាល័យ ហ៊ុន សែន ស្អាង (​ត្បូង​) និង​វិទ្យាល័យ វឌ្ឍនៈ​ឈូង​លាភ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu