បាត់ដំបង ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្អាក មិនអនុញ្ញាតឲ្យបង្ហូរទឹកចេញពីអាងត្រពាំងថ្មនោះទេ តែត្រូវបង្កើនការនាំទឹកពីស្រុកចុងកាល់មកបំពេញឡើងវិញ ឲ្យអាងត្រពាំងថ្ម ក្លាយជាមជ្ឈមណ្ឌលជីវៈចម្រុះគ្រប់ប្រភេទ ពិសេសពពួកសត្វស្លាបកម្រ ដែលកំពុងប្រឈមនឹងការផុតពូជ រស់នៅ។
ការហាមប្រាម របស់លោក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឡើង ក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅអាងត្រពាំងថ្ម កាលពីរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា នាឆ្នាំ ២០១៨ នេះ ផ្ទៃដីប្រមាណជិត ៤ ម៉ឺនហិកតា ដែលទទួលទឹកពីអាងត្រពាំងថ្ម បានផលិតស្រូវ ២ ដង រួចមកហើយ និងកំពុងរៀបចំការផលិតស្រូវលើកទី៣។
ការផលិត ២ ដង កន្លងមក បើគិតជាផ្ទៃដីត្រូវទទួលទឹកពីអាងត្រពាំងថ្ម គឺមានប្រមាណ ជិត ៨ ម៉ឺន ហិកតា ដូចនេះហើយ ទើបទឹកដែលយើងបានស្តុកទុកប្រមាណ ៣០០ លានម៉ែត្រគូប ព្រមទាំងទឹកដែលបង្ហូរមកពីអាងទឹកស្ទឹងស្រែងឯស្រុកចុងកាល់ ក៏ប្រើប្រាស់អស់ទៀត។ បច្ចុប្បន្ន ទឹកនៅសល់ក្នុងអាងត្រពាំងថ្ម មានប្រមាណ ២០ លានម៉ែត្រគូបប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា អាងត្រពាំងថ្ម ជាមជ្ឈមណ្ឌលជីវៈចម្រុះគ្រប់ប្រភេទ ពិសេសពពួកសត្វស្លាបកម្រ ដែលកំពុងប្រឈមនឹងការផុតពូជ ដូចនេះ បើយើងបង្ហូរទឹកដើម្បីបម្រើតែទៅលើការបង្កបង្កើនផលមួយមុខ យើងនឹងបាត់បង់នូវរបស់មានតម្លៃជាច្រើនទៀត ម្យ៉ាងបងប្អូនយើងក៏ផលិតស្រូវ និងប្រមូលផលរួចរាល់បាន ២ ដង រួចមកហើយដែរ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីឲ្យយើងរក្សាបាននូវរាល់សម្បត្តិដ៏មានតម្លៃទាំងអស់ ខ្ញុំចេញបញ្ជាដាច់ខាត គឺ ទី១ ត្រូវផ្អាកការបង្ហូរទឹកចេញពីអាងត្រពាំងថ្មមួយរយៈសិន និងទី២ ត្រូវជំរុញបង្កើនការបញ្ជូនទឹកពីស្រុកចុងកាល់ មកបំពេញអាងនេះឡើងវិញ៕
Source: Kampuchea Thmey Daily
0 Comments