ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៦ ខែសីហានេះ បានអញ្ជើញចុះសំណេះសំណាល ព្រមទាំងផ្តល់ផ្ទះ១ខ្នងជូនដល់គ្រួសារក្រីក្រមួយគ្រួសារស្ថិតក្នុងសហគមន៍ដើមស្លែង។
យោងតាមប្រសាសន៍លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បាននិយាយថា នៅរសៀលថ្ងៃទី១៦ខែសីហានេះ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដើមស្លែងស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ក្នុងពេលចុះសំណេះសំណាលនេះលោកអភិបាលខណ្ឌផ្តល់ផ្ទះមួយខ្នងជូនដល់គ្រួសារលោកអ៊ូច នី និងភរិយាឈ្មោះថោ សារឿន ដែលមានជីវភាពក្រខ្សត់ហើយផ្ទះដែលលោកអភិបាលខណ្ឌប្រគល់ជូនខាងលើនេះ គឺជាថវិការបស់លោកអភិបាលខណ្ឌផ្ទាល់ប្រមាណជាជិត៤០០០ដុល្លារ។ជាមួយគ្នានោះដែរលោកចេង មុនីរ៉ា ក៏នាំយកអំណោយរួមមានថវិកានិងគ្រឿងឧបភោគបរិភោគផ្តល់ដល់លោកអ៊ូច នី ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដើមស្លែងជាច្រើនគ្រួសារទៀតផង។
ឆ្លៀតក្នុងឱកាសនេះ លោកចេង មុនីរ៉ា បានមានប្រសាសន៍ទៅកាន់លោកអ៊ូច នី ថាធាតុពិតផ្ទះនេះគឺបានសាងសង់ឡើងតាំងពីមុនថ្ងៃបោះឆ្នោតមកម្ល៉េះ។ ប៉ុន្តែលោកពុំហ៊ានធ្វើពិធីផ្តល់ជូនទេ គឺខុសទៅច្បាប់គ.ជ.ប ថា អាជ្ញាធរទិញទឹកចិត្ត។ លោកចេង មុនីរ៉ា ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនរស់នៅក្នុងសហគមន៍ដើមស្លែងសូមកុំព្រួយបារម្ភពីបញ្ហាខ្វះខាតស្បៀងអាហារព្រោះអាជ្ញាធររង់ចាំជួយជានិច្ចដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយអត់អាហារឡើយ៕
Source: Kampuchea Thmey Daily
0 Comments