ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង១០នាក់តំណាងឲ្យពលរដ្ឋក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យជាច្រើនគ្រួសារបាននាំគ្នាតវ៉ាព្រោះ អាជ្ញាធរបន្ទាប់ពីរៀបចំដាក់បណ្តាញលូថ្មីរួចរាល់ហើយនោះបែរជាមិនទាន់ឲ្យពលរដ្ឋបង្ហូររំដោះទឹក ពីលូចាស់ចូលលូថ្មីទៅវិញ ធ្វើឲ្យក្នុងភូមិមានទឹកជន់លិចជាប្រចាំពេលមានភ្លៀងធ្លាក់ម្តងៗដោយសារតែបែបនេះទើបពួកគាត់នាំគ្នាតវ៉ាស្នើសុំភ្ជាប់បណ្តាញពីលូចាស់ឲ្យហូរចូលលូថ្មីផង ដែលការតវ៉ានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា បណ្តាញលូថ្មី ត្រូវបានសាងសង់ ដាក់តាមបណ្តោយផ្លូវ៨២កា ពីជើង-ត្បូង , និងបន្តទៅ ផ្លូវ៧៦កា ពីលិច- កើត ស្ថិតនៅក្រុម១ និងក្រុម២ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីពួកគាត់ទទួលបាននូវព័ត៌មានមួយថា បណ្តាញលូថ្មីនេះ អាជ្ញាធរមិនអនុញ្ញាតឲ្យពលរដ្ឋភ្ជាប់ពីបណ្តាញលូចាស់មកបណ្តាញលូថ្មីនេះឡើយ ទើបធ្វើឲ្យពលរដ្ឋព្រួយបារម្ភនិងងឿងឆ្ងល់ ខណៈដែលបណ្តាញលូចាស់ក្នុងមូលដ្ឋាន ពួកគាត់តូចហើយកកស្ទះចាល់ទឹក ជន់លិចពេលភ្លៀងធ្លាក់ម្តងៗ ទើបពលរដ្ឋផ្អើលពេញភូមិមួយចំនួនរត់ទៅប្តឹងសាកសួរដល់អាជ្ញាធរសង្កាត់កាកាប១ ចង់ដឹងមូលហេតុឲ្យបានច្បាស់លាស់ តើវាដូចព័ត៌មានដែលពួកគាត់ទទួលបានចឹងមែនអត់។
តាមអាជ្ញាធរបានឲ្យដឹងថា បណ្ដាញលូសង់ថ្មីនេះជាថវិកាមូលនិធិរបស់សង្កាត់ ខណ្ឌរៀបចំដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងការបញ្ចៀសនូវវិបត្តិជំនន់ទឹកភ្លៀង ដែលតែងជន់លិចភូមិដ្ឋានអ្នកស្រុកក៏ប៉ុន្តែខាងក្រុមហ៊ុនម៉ៅការសាងសង់មិនទាន់ដាក់ភ្ជាប់ជូនប្រជាពលរដ្ឋនៅឡើយដោយសារផ្នែកក្រោមដីមានបណ្តាញទុយោទឹកខាងក្រុមហ៊ុនកំពុងសិក្សាបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗជាមុនសិន។ ឯការដែលពលរដ្ឋទទួលបានដំណឹងពីណាមកថា អាជ្ញាធរមិនតបណ្ដាញឲ្យប្រើនោះជាការមិនពិតឡើយ។
វត្តមានលោកស្រីចៅសង្កាត់កាកាប១និង មន្ត្រីការិយាល័យជំនាញខណ្ឌរួមទាំងតំណាងក្រុមហ៊ុនម៉ៅការសាងសង់នៅកន្លែងកើតហេតុដើម្បីសម្របសម្រួលហើយអាជ្ញាធរខណ្ឌបានឯកភាពទៅតាមសំណើរបស់ពលរដ្ឋ ភ្ជាប់បណ្តាញលូចាស់ជាមួយបណ្តាញលូថ្មី។ ប្រជាពលរដ្ឋបានបន្តទៀតថា ការប្រើប្រាស់បណ្តាញលូបង្ហូររំដោះទឹក ពួកគាត់ក៏មានវិភាគទាន១០ភាគរយដែរ បង់ថ្លៃសេវា ប្រើប្រាស់បណ្តាញលូដោយបង់ទៅតាមរយៈវិក័យប័ត្រទឹក ចេញឲ្យជារៀងរាល់ខែ។ តែទោះជាយ៉ាងណាក្តី ភាពមន្ទិលសង្ស័យ របស់ពលរដ្ឋក្នុងភូមិតាងួន២ សង្កាត់កាកាប ត្រូវបានអាជ្ញាធរបកស្រាយបំភ្លឺ លូដែលសាងសង់ថ្មី អាជ្ញាធរនឹងជម្រុញឲ្យខាងអ្នកម៉ៅការ ចោះភ្ជាប់ជូនប្រជាពលរដ្ឋប្រើភ្លាម៕
Source: Kampuchea Thmey Daily
0 Comments