កីឡដ្ឋានAEU Sport Park របស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ត្រូវបានទឹកលិចលង់ពីទឹកទន្លេ កាលពីពេលថ្មីៗនេះ ហើយគ្រោះធម្មជាតិនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ស្មៅលើទីលាន និង របស់របរក្នុងការិយាល័យ និង សម្ភារៈសំខាន់ៗមួយចំនួនទៀតនៅទីតាំងដែលមានទំហំប្រមាណ៤ហិកតា រហូតមិនអាចទទួលរៀបចំការប្រកួតនានាក្នុងពេលដ៏ខ្លីខាងមុខនោះទេ។
ដោយក្លិបអាស៊ីអឺរ៉ុប មានការស្នើសុំមកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ឲ្យមានផ្លាស់ប្តូរទីលានប្រកួតទើបបានឯកភាព និង សម្រេចប្ដូរការប្រកួតចំនួន២លើកទៅកាន់វាលស្មៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ វិញ។ ក្នុងលិខិតចេញថ្ងៃទី១៥ សីហា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលេខាប្រតិបត្តិ CNCC លោក ឆាំង ពិសិដ្ឋ បង្ហាញថា ការប្រកួតសប្ដាហ៍ទី១៨ រវាង អាស៊ីអឺរ៉ុប តទល់អគ្គិសនីកម្ពុជា នៅម៉ោង១៥:០០ ថ្ងៃទី១៩ សីហា និង ជំនួបសប្ដាហ៍ទី២០ រវាងអាស៊ីអឺរ៉ុប ជាមួយភ្នំពេញក្រោន នៅម៉ោង១៥:០០ ថ្ងៃទី១៦ កញ្ញា នៅកីឡដ្ឋាន AEU Sport Park នឹងត្រូវប្ដូរទៅពហុកីឡដ្ឋានជាតិទាំង២ប្រកួត ដោយរក្សាកាលបរិច្ឆេទ និង ពេលវេលាប្រកួតនៅដដែល។
គួរបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park មានទីតាំងនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលទើបបើកដំណើរការនៅរដូវកាល២០១៨នេះបានរងគ្រោះលិចលង់ដោយសារបាក់ទំនប់នៅព្រឹកថ្ងៃអង្គារ ទី១៤ សីហា ថ្មីៗនេះ។ លោក ម៉ែន ពិសិដ្ឋ អ្នកចាត់ការក្លិបអាស៊ីអឺរ៉ុប លើកឡើងថា ក្លិបលោកទំនងត្រូវចំណាយថវិកាខ្ទង់ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅកីឡដ្ឋាននេះឡើងវិញ ក្រោយរងគ្រោះលិចលង់ដោយសារបាក់ទំនប់នេះ៕
Source: Kampuchea Thmey Daily
0 Comments