រតនគិរី ៖ ពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨កន្លងទៅ ចំនួន២គ្រួសារ មកពីឃុំចំនួន ២គឺ ឃុំកាឡែង និងឃុំ ប៉ាតាង ក្នុងស្រុកលំផាត់ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានមកជួបជុំគ្នាឃុំប៉ាតាង ដើម្បីទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម កម្ពុជា ខេត្តរតនគិរី។
ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោក ថង សាវុន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិការ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តជាច្រើនរូបទៀត។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលមកទទួលអំណោយ មនុស្សធម៌ពេលនេះ លោក ថង សាវុន បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការនឹករលឹក ចូលរួមសោកស្តាយ ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរនឹងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង នៅទូទាំងប្រទេស។
លោកសង្កត់ធ្ងន់ថា កាកបាទក្រហមកម្ពុជា ជាសេនាធិការអោយរាជរដ្ឋាភិបាលលើកិច្ចការមនុស្សធម៌ ហើយជាស្ថាប័នមួយឯករាជ្យ ដោយឈរលើគោលការណ៍គ្រឹះទាំង ៧ របស់ កាកបាទក្រហម អឌ្ឍច័ន្ទក្រហម អំណោយ មនុស្សធម៌ របស់កាកបាទក្រហមមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ អ្វីឡើយ ពោល គឺទីណាមានទុក្ខលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច។
លោក ថង សាវុន បានលើកឡើងពីការខិតខំប្រឹងប្រែង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហម ក្នុងការកៀងគរធនធាន ពីសប្បុរសជន នានា ដើម្បីកាកបាទក្រហម មានលទ្ធភាព បំពេញ ភារកិច្ច មនុស្សធម៌ ជួយដល់ ជនចាស់ជរា គ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយ កូនច្រើន កុមារកំព្រារ និងអ្នកកើតជំងឺអេដស៍ ជាពិសេស ដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយសារគ្រោះ មហន្តរាយ ផ្សេងៗ។
ជាក់ស្តែង អំណោយដែលយកមក ចែកជូននាពេលនេះ គឺបានមកពី សប្បុរសជននានា ថ្វីត្បិតតែមិនអាចឆ្លើយតប ទៅនឹងសេចក្តីត្រូវការ របស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រួល ដល់ការលំបាកបាន មួយរយៈពេល សម្រាប់បងប្អូនផងដែរ។
លោក បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋ ទាំង២គ្រួសារត្រូវខិតខំប្រកបមុខរបរទទួលទាន ជាពិសេសសូមឲ្យមានការ ប្រុងប្រយ័ត្នគ្រោះមហន្តរាយផ្សេងៗផងដែរ។
លោក ក៏បានអញ្ជើញចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តដល់ប្រជាពលរដ្ឋ ទាំង២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ៥០ គីឡូក្រាម កៅស៊ូតង់ ២ ដុំ មុង ១ ភួយ ១ សារុង១ ក្រមា១ មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១៥ម៉ឺនរៀល។ ដោយឡែកក្នុងឱកាសនេះ លោក ថង សាវុន ក៏បានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួនក្នុង ១គ្រួសារ ទទួលបានថវិកា ២០ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments