យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា តំណាងរបស់លីគបាល់ទាត់កំពូលប្រទេសអេស្ប៉ាញ (La Liga) បានមកពិភាក្សាការងារជាមួយតំណាងរបស់ CNCC ដើម្បីសិក្សាពីគ្នាទៅវិញទៅមកនិងចែករំលែកព័ត៌មានពិសេសៗរវាងគ្នានឹងគ្នា។
ប្រភពបានបញ្ជាក់ថាលោក ឈី កុលបុត្រា ប្រធានការិយាល័យទីផ្សារ និង ផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានជួបជាមួយនាយកគ្រប់គ្រងក្របខណ្ឌ La Liga ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Ivan Codina នៅព្រឹកថ្ងៃច័ន្ទទី១៣ ខែសីហា ដើមសប្ដាហ៍នេះ។ ភាគីទាំងពីរបានពិភាក្សាពីការផ្សព្វផ្សាយវិស័យបាល់ទាត់ និង ចែករំលែកព័ត៌មានពិសេសៗទៅវិញទៅមក។
ក្រោយជួបជាមួយភាគីខាង La Liga លោក ឈី កុលបុត្រា បានបង្ហើបឲ្យដឹងជាសាធារណៈថា «វាជាឱកាសដ៏ល្អមែនទែនដែលយើងបានជួបជាមួយនាយកគ្រប់គ្រង La Liga ខាងអាស៊ីប៉ាស៊ីហ្វិក។ យើងបានពិភាក្សាគ្នាយ៉ាងរលូន និង បានចែករំលែកព័ត៌មានមួយចំនួនស្ដីពីការផ្សព្វផ្សាយបាល់ទាត់។ ខ្ញុំសង្ឃឹមថា នៅពេលអនាគត យើងនឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យដ៏មានប្រជាប្រិយភាពនេះ»។
ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា នាយកគ្រប់គ្រង La Liga និង សហការី ក៏បានជួបជាមួយថ្នាក់ដឹកនាំក្លិបមួយចំនួនដូចជា បឹងកេត ភ្នំពេញក្រោន និងអ្នកគាំទ្របាល់ទាត់ផងដែរ។ ភាគី La Liga អាចនឹងមានការនាំយកកីឡាករកម្ពុជា មួយចំនួនទៅហ្វឹកហាត់ដកស្រង់បទពិសោធន៍នៅប្រទេសអេស្ប៉ាញ នៅពេលអនាគតទៀតផង៕
Source: Kampuchea Thmey Daily
0 Comments