រតនគិរី ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានចុះទៅក្នុងរណ្តៅជីកត្បូងមួយកន្លែងហើយបានបាក់ដីសង្កត់ពីលើស្លាប់មួយរំពេច។
ហេតុការណ៍បាក់ដីសង្កត់មនុស្សស្លាប់ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ៤កើត ខែទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចចម្ការតាម៉ៅ ផល្លី ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។
អធិការនគរបាលស្រុកបរកែវលោកជួប សុវណ្ណរក្ស បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡែវ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជីកត្បូង បច្ចុប្បន្នរស់នៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
លោកថា ក្រោយពេលកើតហេតុបានកម្មករជីកត្បូងដូចគ្នាចុះជួយអន្តរាគមន៍ជីកយកមនុស្សចេញមកឡើងលើ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សាកសពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកផងដែរថា កម្មករជីកត្បូងបាក់ដីស្លាប់នេះមិនមែនជាលើកទីមួយនោះទេ នេះជាច្រើនករណីមកហើយដែរ ប៉ុន្តែអាជ្ញាធរស្រុកមិនមានចំណាត់ការទាល់តែសោះ លើបញ្ហាកម្មករជីកត្បូងនេះ៕
Source: Kampuchea Thmey Daily
0 Comments