រតនគិរី ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រណិតពេញប្រៀបយកទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសសហការជាមួយកម្លាំងប៉េអឹមស្រុកអូរយ៉ាដាវស្ទាក់ចាប់ និងបង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ក្រោយពីបានធ្វើចរាចរចេញពីទីរួមខេត្តរតនគិរីឆ្ពោះទៅប្រទេសវៀតណាម។
កម្លាំងសមត្ថកិច្ចដែលចុះបង្ក្រាបនេះ បានឲ្យដឹងថា ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថនៅតាមបណ្តាខេត្តគឺទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។
សមត្ថកិច្ចបន្តថា រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-7679 បានផ្ទុកឈើប្រណិតពេញរថយន្ត ត្រូវបានប៉េអឹមរឹបអូសយកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវដើម្បីប្រគល់ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបកែវចាត់ការបន្តតាមឋិតិវិធី។ រីឯអ្នកបើកបររថយន្តដឹកឈើបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ដោយឡែកចំពោះវត្ថុតាងដែលបានរឹបអូសនៅមិនទាន់ដឹងអំពីចំនួនដុំ និងតួលេខដោយសារជំនាញរដ្ឋបាលព្រៃឈើមិនទាន់ធ្វើការវាស់វែងនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments