ប្រទេសចិនត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ប្រទេសជប៉ុនក្នុងនាមជាអ្នករួមវិភាគទានធំជាងគេលំដាប់ទី២នៃកញ្ចប់ថវិការបស់អង្គការសហប្រជាជាតិ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍របស់គណកម្មាធិការស្តីពីការរួមវិភាគទាននៃមហាសន្និបាតបានឲ្យដឹងថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងយកឈ្នះជប៉ុនជាមួយនឹងការរួមចំណែកដែលគេប៉ាន់ប្រមាណថាកើនឡើងដល់១២,០១ភាគរយខណៈដែលជប៉ុនធ្លាក់ចុះ៨,៥៦ភាគរយសម្រាប់អំឡុងឆ្នាំ២០១៩-២០២១។
ការផ្លាស់ប្តូរអំណាចនេះអាចបង្កឲ្យមានការព្រួយបារម្ភថា បំណងប្រាថ្នារបស់ក្រុងតូក្យូដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍ថ្មីនៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិអាចនឹងមិនសម្រេចបាន។
សម្រាប់អំឡុងឆ្នាំ២០១៦-២០១៨ ទំហំនៃការវាយតម្លៃដែលត្រូវបានអនុម័តសម្រាប់ប្រទេសចិនគឺ៧,៩២១ភាគរយខណៈដែលប្រទេសជប៉ុនបានចំណាយស្ទើរតែ២ភាគរយច្រើនជាងនេះគឺ៩,៦៨០ភាគរយ។
ទំហំនៃការវាយតម្លៃត្រូវបានកំណត់ដោយកត្តាជាច្រើនរួមទាំងទិន្នន័យបច្ចុប្បន្នបំផុត ទិន្នន័យទូលំទូលាយនិងទិន្នន័យប្រៀបធៀបដែលអាចរកបានសម្រាប់ចំណូលជាតិសរុប។
ទោះបីជាយ៉ាងណាក៏ដោយ បម្រែបម្រួលដទៃទៀតដូចជាអត្រាការបម្លែងនិងការកែតម្រូវបំណុលក៏ត្រូវបានគេគិតបញ្ចូលទៅក្នុងការកំណត់ថាតើប្រទេសនីមួយៗនឹងចំណាយប្រាក់ប៉ុន្មានចូលក្នុងកញ្ចប់ថវិកាសម្រាប់ស្ថាប័នពិភពលោកមួយនេះផងដែរ។
ការជជែកវែកញែកក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាសន្តិសុខឡើងវិញបានបន្តអស់រយៈពេលជាច្រើនទសវត្សមកហើយដោយមានការជឿនលឿនបន្តិចបន្តួចបើទោះបីជាជប៉ុនបានជំរុញខ្លួនឯងរួមជាមួយប្រទេសអាល្លឺម៉ង់ ប្រេស៊ីលនិងឥណ្ឌាដើម្បីក្លាយជាអ្នកកាន់កៅអីអចិន្ត្រៃយ៍ក៏ដោយ។
ការព្យាករណ៍ចុងក្រោយបំផុតសម្រាប់កញ្ចប់ថវិកាទូទៅនេះបានធ្វើឡើងបន្ទាប់ពីការផ្លាស់ប្តូរស្រដៀងគ្នាមួយនៃចំណាត់ថ្នាក់សម្រាប់មូលនិធិប្រតិបត្តិការរក្សាសន្តិភាព។ ដោយចាប់ផ្តើមនៅឆ្នាំ២០១៦ ប្រទេសជប៉ុនបានធ្លាក់ចុះទៅលំដាប់ទីបីនៅពីក្រោយប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងនាមជាអ្នករួមវិភាគទានកំពូល៕ KYODO
Source: Kampuchea Thmey Daily
0 Comments