កូរ៉េខាងត្បូង ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា និងសាលាក្រុងអានសាន បានសន្យាថានឹងបន្ដកិច្ចសហការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកស្ទួយវប្បធម៌ អរិយធម៌នៃប្រទេសទាំងពីរ និងការគាំពារដល់សហគមន៍ខ្មែរដែលរស់នៅទីក្រុងអានសាន។
ក្រៅពីនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ បានស្នើដល់អភិបាលក្រុងអានសាន ពិនិត្យលទ្ធភាពក្នុងការបង្កើតចំណងមិត្តភាពជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតបន្ដឹងចំណងមិត្តបន្ថែមទៀតក្នុងក្របខ័ណ្ណថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរអោយកាន់តែប្រសើរថែមទៀត។
ការស្នើខាងលើនេះរបស់លោក ឡុង ឌីម៉ង់ បានធ្វើឡើងខណៈដែលលោកនិងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wha Sub Yoon អភិបាលទីក្រុងអានសាន និងលោកប្រធានមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះ។
ចំពោះការស្នើអោយអភិបាលក្រុងអានសាន ពិនិត្យលទ្ធភាពក្នុងការបង្កើតចំណងមិត្តភាពជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតបន្ដឹងចំណងមិត្តបន្ថែមទៀតក្នុងក្របខ័ណ្ណថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរនោះ ជាការឆ្លើយតប លោកអភិបាលក្រុងរីករាយ ហើយថ្លែងអំណរគុណដល់ឯកអគ្គរាជទូត ហើយសន្យាថានឹងយកសំណើនេះមកពិនិត្យពិភាក្សា នឹងឆ្លើយតបវិញក្នុងពេលខាងមុខនេះ។
ក្នុងឱកាសនោះឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ ក៏បានផ្ដល់សម្លៀកបំពាក់ប្រពៃណីក្នុងពិធីមង្គលការចំនួន ២ឈុត ជូនមជ្ឈមណ្ឌលវប្បធម៌នៃទីក្រុងអានសានដើម្បីទុកតាំងបង្ហាញផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាមានរាជធានី-ខេត្ត ដែលមានសម្ព័ន្ធមិត្តជាមួយនឹងសាធារណរដ្ឋកូរ៉េដូចជា រាជធានីភ្នំពេញបានចងសម្ព័ន្ធភាពជាមួយនឹងទីក្រុងប៊ូសាន និងទីក្រុងអ៊ិនឆន់ ហើយខេត្តសៀមរាបបានចងសម្ព័ន្ធភាពជាមួយនឹងទីក្រុងស៊ូវ៉ុន ហើយសមិទ្ធផលផ្លែផ្កាជាវិជ្ជមាននៃចំណងមិត្តភាពក៏បាននឹងកំពុងរីកដុះដាលជាបន្តបន្ទាប់៕
Source: Kampuchea Thmey Daily
0 Comments