រថយន្តមួយគ្រឿង បានបុកអ្នកដំណើរ ហើយបន្ទាប់មកទៅបុករបាំងការពារសភារបស់ចក្រភពអង់គ្លេសនៅក្នុងការវាយប្រហារមួយ ដែលគេសង្ស័យជាអំពើភេរវកម្មកាលពីថ្ងៃអង្គារ។
បុរសអង់គ្លេសអាយុ២៩ឆ្នាំម្នាក់ដែលមិនធ្លាប់ត្រូវបានស្គាល់ដោយសេវាសន្តិសុខគឺត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុដោយមន្ត្រីប្រដាប់អាវុធ។ មនុស្សចំនួនបីនាក់បានរងរបួស។
ប៉ូលិសបានឃុំខ្លួនបុរសម្នាក់នេះនៅប៉ុស្តិ៍ប៉ូលិសទីក្រុងឡុងដ៍ដោយសង្ស័យថាបានរៀបចំការវាយប្រហារភេរវកម្ម។
បន្ទាប់ពីមានការពិនិត្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sajid Javid បានជំរុញឲ្យប្រជាពលរដ្ឋបើកចិត្តអំពីអ្វីដែលនៅពីក្រោយឧបទ្ទវហេតុនេះខណៈប៉ូលិសបានវាយឆ្មក់អចលនទ្រព្យចំនួនបីនៅកណ្តាលប្រទេសអង់គ្លេស។
កាលពីឆ្នាំមុន មនុស្សចំនួន៥នាក់ត្រូវបានសម្លាប់នៅពេលរថយន្តមួយគ្រឿងបានបុកអ្នកថ្មើរជើងនៅក្នុងការវាយប្រហារមួយនៅខាងក្រៅសភា។
វីដេអូបានបង្ហាញពីរថយន្តម៉ាក Ford Fiesta ពណ៌ទឹកប្រាក់កំពុងបើកតាមចំនុចប្រសព្វហើយបុកអ្នកជិះកង់និងអ្នកថ្មើរជើងមុនពេលបង្កើនល្បឿនទៅបុករបាំងនៅខាងក្រៅសភានៅម៉ោង៧:៣៧ព្រឹក។ មន្ត្រីប្រដាប់អាវុធបានចាប់ខ្លួនអ្នកបើកបរហើយបានយកគាត់ចេញពីឡាន។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ព្រោះតែវាហាក់ដូចជាទង្វើដោយចេតនា វិធីសាស្ត្រដែលត្រូវបានប្រើនិងទីតាំងនោះ វាកំពុងត្រូវបានគេចាត់ទុកថាជាអំពើភេរវកម្ម”។
ប៉ូលិសបាននិយាយថា គ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងរថយន្តនេះទេដែលបន្សល់ទុកនៅកន្លែងកើតហេតុហើយកំពុងត្រូវបានឆែកឆេរ។ គ្មានអាវុធណាមួយត្រូវបានរកឃើញទេ។
បុរសម្នាក់និងស្ត្រីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត។ បុរសម្នាក់ទៀតក៏ត្រូវបានព្យាបាលនៅកន្លែងកើតហេតុផងដែរសម្រាប់ការរងរបួសស្រាល។
អ្នកបើកបរមិនបានស្រែកអ្វីទេ គាត់មើលទៅមិនមែនដូចជាឆ្កួតឬមិនមានការគ្រប់គ្រងទេ។
ការឆែកឆេរកំពុងត្រូវបានអនុវត្តនៅអាសយដ្ឋានចំនួនពីរក្នុងទីក្រុង Birmingham និងមួយនៅទីក្រុង Nottingham ភាគកណ្តាលប្រទេសអង់គ្លេស៕ AFP
Source: Kampuchea Thmey Daily
0 Comments