ភ្នំពេញ ៖ អាជ្ញាធររាជធានីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែសីហានេះ បានជំរុញឱ្យសមត្ថកិច្ចគ្រប់ផ្នែក សហការជាមួយអាជ្ញាធរខណ្ឌ បន្តយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ឱ្យបានជាប់ជាប្រចាំ ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ដោយទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងអំពើអសន្តិសុខនានា នៅក្នុងរាជធានីភ្នំពេញនិងផាកពិន័យ ចំពោះអ្នកទុកដាក់សំរាមអនាធិបតេយ្យ។
បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹង នៅក្រោយកិច្ចប្រជុំ នៅល្ងាចថ្ងៃទី១៤ ខែសីហា នេះថា ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែង ធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាពល្អ ទាំងក្នុងពេលយុទ្ធនាការស្វែងរកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត នីតិកាលទី៦ កន្លងទៅនេះ បានយ៉ាងល្អ គួរជាទីមោទនៈដោយមិនខ្លាចនឿយហត់។
អ្នកនាំពាក្យរូបនេះបានបន្តថា លោក ឃួង ស្រេង ក៏បានណែនាំ ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានព្រោះថា សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
មួយវិញទៀត លោក ឃួង ស្រេង បានរំលឹកឡើងវិញ ឱ្យអាជ្ញាធរបន្តពង្រឹង អាទិភាពមួយចំនួន ដែលបានអនុវត្ត ក្នុងអាណត្តិ ដែលលោកដឹកនាំក្នុងចំណោមកិច្ចការជាច្រើនដូចជា ការរៀបចំសណ្ដាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ ពិសេស ផ្លូវទាំង១១ខ្សែ ដោយបន្តរៀបចំឱ្យបានល្អជាប្រចាំ នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានគ្រប់គ្រងនីមួយៗ។
លោក អភិបាល បានជំរុញឱ្យស្នងការនគរបាលរាជធានីភ្នំពេញ បន្តរៀបចំឱ្យមានរថយន្តស្ទូច និងកម្លាំង ដើម្បីរឹតបន្តឹងចរាចរណ៍ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយចាត់វិធានការទៅលើរថយន្ត ដែលចត គ្មានសណ្តាប់ធ្នាប់ ហើយមន្ទីរសាធារណការ ក៏ត្រូវតែចាត់បញ្ជូនកម្លាំងចុះពិនិត្យស្លាកសញ្ញាចរាចរណ៍នៅគ្រប់ផ្លូវ ព្រោះមានទីតាំងខ្លះ មានលក្ខណៈចាស់ពុកផុយឬរលុបខ្លាំង ដែលទាមទារឱ្យមានការផ្លាស់ប្តូរថ្មី ដើម្បីបង្ហាញពីសញ្ញាចរាចរឱ្យបានភ្លឺច្បាស់ឡើងវិញ។
ទន្ទឹមគ្នានេះដែរ សំរាមក៏ជាបញ្ហាប្រឈមមួយ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ដែលទាមទារឱ្យគ្រប់ផ្នែកពាក់ព័ន្ធ បន្តអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីផលប៉ះពាល់ នៃការមិនយល់ដឹងពីការទុកដាក់សំរាមនេះ ។ បន្ទាប់ពីការ អប់រំ ផ្សព្វផ្សាយ ក្នុងពេលវេលាមួយ ដែលសមស្របហើយ ក៏ត្រូវគិតគូរទៅលើការផាកពិន័យ អន្តរក្រសួង ដែលមានស្រាប់ គួរតែមានវិធានការ ចំពោះការទុកដាក់សំរាម ដោយអនាធិបតេយ្យនៅតាមទីសាធារណៈ មិនមានការវេចខ្ចប់ត្រឹមត្រូវ តាមការណែនាំ៕
Source: Kampuchea Thmey Daily
0 Comments