លោកប្រធានាធិបតី Donald Trump បានស្តីបន្ទោសទៅលើអតីតជំនួយការសេតវិមានលោកស្រី Omarosa Manigault Newman កាលពីថ្ងៃអង្គារដោយហៅលោកស្រីថា “សត្វឆ្កែ” និង “ឆ្កួត” ស្របពេលដែលសៀវភៅរៀបរាប់លម្អិតទាំងអស់របស់លោកស្រីបានដាក់លក់តាមហាង។
លោកស្រី Manigault Newman បានទម្លាយខ្សែអាត់សំឡេងនៃការសន្ទនាជាលក្ខណៈឯកជនដ៏អាម៉ាស់នៅឯសេតវិមានខណៈពេលលោកស្រីផ្សព្វផ្សាយសៀវភៅអំពីពេលវេលារបស់លោកស្រីជាមួយ “The Donald”។
សៀវភៅរបស់លោកស្រីដែលលាបពណ៌លោក Trump ថាជាអ្នកប្រកាន់ពូជសាសន៍គឺបានធ្វើឲ្យសេតវិមាននិងប្រធានាធិបតីធ្លាក់ចូលក្នុងវិបត្តិថ្មីហើយមតិយោបល់របស់លោកស្រីចំពោះប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យសហរដ្ឋអាមេរិកស្ថិតក្នុងភាពយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។
ក្រុមរបស់លោក Trump បានឆ្លើយតបយ៉ាងឆាប់រហ័សដោយចាប់ផ្តើមយុទ្ធនាការមួយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រីនិងបន្តសកម្មភាពផ្នែកច្បាប់ប្រឆាំងនឹងលោកស្រីចំពោះការធ្វើខុសកិច្ចព្រមព្រៀងដែលមិនបង្ហាញពីការពិតមួយ។
លោក Trump បានហៅលោកស្រី Omarosa ថា “ថោកទាប” រួចទៅហើយបន្ទាប់ពីលោកស្រីបានបញ្ចេញខ្សែអាត់សំឡេងអំពីការបណ្តេញចេញរបស់លោកស្រីដោយនាយអគ្គសេនាធិការលោក John Kelly ដែលហាក់ដូចជាថតក្នុងបន្ទប់សន្និសីទ White House Situation Room។
លោក Trump បានបង្ហោះ Twitter ថា “នៅពេលដែលអ្នកងប់ងល់ហើយឲ្យការងារដល់នាងនៅសេតវិមាន ខ្ញុំគិតថាវាមិនដំណើរការទេ។ ធ្វើការល្អណាស់លោកឧត្តមសេនីយ Kelly សម្រាប់ការបណ្តេញឆ្កែនោះយ៉ាងឆាប់រហ័ស”។
មតិយោបល់របស់លោកបានធ្វើឲ្យមានការរិះគន់ភ្លាមៗពីសំណាក់គណបក្សទាំងពីរ។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Jeff Flake ដែលជាអ្នករិះគន់ជាញឹកញាប់លើលោក Trump បាននិយាយថា “ភាសាប្រភេទនេះគឺមិនសមក្លាយជាប្រធានាធិបតីអាមេរិកទេ។ គ្មានលេសសម្រាប់វាទេហើយគណបក្សសាធារណរដ្ឋមិនគួរនិយាយអ្វីទេ”។
គួរបញ្ជាក់ថា សៀវភៅ និងខ្សែអាត់សំឡេងរបស់លោកស្រី Manigault Newman អាយុ៤៤ឆ្នាំគឺតំណាងឲ្យការរំលោភបំពានដ៏គួរឲ្យភ្ញាក់ផ្អើលនៃការជឿទុកចិត្តរបស់ប្រធានាធិបតី៕ AFP
Source: Kampuchea Thmey Daily
0 Comments