Ad Code

សរ រាជសីហ៍ ជួប រុស្សី​Aushev ,​សុខ សា​វិ​ន​ជួប​ថៃ​Phat Srakeo​នៅ SEATV



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់​ពេលព្រឹក​Ganzberg Top Fighter លើស​ង្វៀន​SEATV ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៨​នេះ។ នោះ​គឺ សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រុស្សី​ឈ្មោះ Aushev​។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។​

នេះ​ជាការ​ជំនួប​ដ៏​តឹងតែង​បំផុត រវាង​សរ រាជសីហ៍ និង Aushev ព្រោះថា​អ្នក​ប្រដាល់​រុស្សី​រូបនេះ មិនធម្មតា​នោះឡើយ ។ នេះ​បើតាម​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​SEATV អោយដឹង ។

សរ រាជសីហ៍ គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ប៉ុន្មាន​នាក់​ហើយ តែ​ភាគច្រើន​ជា​អ្នក​ប្រដាល់​ថៃ​ប៉ុណ្ណោះ គឺ​ពុំ​សូវ​ធ្លាប់​ដែល​ជួប​ប្រកួត​ជាមួយ​អឺរ៉ុប​នោះឡើយ ។ តែ​យ៉ាងណា កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​រាជសីហ៍ វាយ​ចេញ​ខ្លាំង​និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ដូច្នេះ​ការជួប​ជាមួយ​Aushev ប្រហែលជា​មិនមាន​បញ្ហា​ចោទ​អ្វី​ឡើយ​។

​ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូ​ដៃ​នោះទេ អោយតែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាបបាន គឺ​សរ រាជសីហ៍ គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្តួល​យកឈ្នះ​តែម្តង ។ និយាយ​ពី​បច្ចេកទេស និង កលល្បិច​នោះ គេ​នៅ​ស្ទើរ​នៅឡើយ តែ​កម្លាំង​កាយសម្បទា​រឹងមាំ​ល្អ ។ សរ រាជសីហ៍ ធ្លាប់​ឡើង​ប្រកួត​ចំនួន​៦៦​ដង ឈ្នះ ៥៤​ដង ចាញ់​១២ ដង និង​មិនដែល​ស្មើ ។ ចាំមើល រវាង Aushev និង សរ រាជសីហ៍ តើន​រណា​ជា​អ្នកឈ្នះ សម្រាប់​ជំនួប​លើកដំបូង​នេះ​? ។​

​តាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹងថា​Aushev នេះ គេ​ទើបតែ​មក​ប្រកួត​នៅ​សង្វៀន​របស់លោក​លើក​ទី​១​ប៉ុណ្ណោះ ។

Aushev គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹក​ហាត​នៅ​ស្រុកថៃ ។ គេ​មាន​ស្នៀត​កណ្តាប់ដៃ​ល្អ ខ្លាំង និង​រហ័ស ហើយ​ចេះ​ស្នៀត​ជង្គង់​ថែមទៀត ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៧​លើក ដោយ​ឈ្នះ​២១​ដង ចាញ់​០៦ លើក​និង​មិនដែល​ស្មើ ។ នេះ​បើតាម​លោក​ញាណ សុធី បញ្ជាក់​អោយដឹង ។​

​គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សរ រាជសីហ៍ កាលពី​ថ្ងៃទី​១៥​កក្កដា​២០១៨​កន្លងទៅនេះ បាន​វាយ​ផ្តួល​អ្នក​ប្រដាល់​ជនជាតិ​គៀរ​ហ្ស៉ី​ស្ថាន​ឈ្មោះ Sergei អោយ​បោះបង់ចោល​ការប្រកួត នៅក្នុង​ទឹក​ទី​៣ នៅលើ​សង្វៀន​SEATV​នេះ ។​

សុខ សា​វិ​ន អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​អេ​លី​ត​គុន​ខ្មែរ នឹងត្រូវ​ឡើង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​Phat Srakeo ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គ​.​ក្រ ។
Phat Srakeo គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កន្លងមក ។ អ្នក​ប្រដាល់​ថៃ Phat Srakeo នេះ មាន​កម្ពស់​ទាប​ជាង​សា​វិ​ន​គឺ​១,៦៦​ម៉ែត្រ និង​មាន​កំនត់ត្រា​ប្រកួត​តិចជាង​សា​វិ​ន គឺ​៦២​លើក ឈ្នះ​៥៣​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ។ ដូច្នេះ​Phat Srakeo មិន​ប្រាកដថា អាច​យកឈ្នះ​លើ​សុខ សា​វិ​ន​បាន​នោះឡើយ តែ​យ៉ាងណា​សា​វិ​ន ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បានដែរ ។

សុខ សា​វិ​ន មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ កាយសម្បទា​រឹងមាំ ។​គេ​មាន​ប្រវត្តិ​ប្រកួត​៩១​លើក ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​៦៦​លើក ចាញ់​២០​លើក និង​ស្មើ​០៥​លើក ។ ដូចនេះ​មិនធម្មតា​ទេ ឡើង​ប្រកួត​ជិត​មួយរយ​លើក ចាញ់​តែ​២០​លើក​នោះ ។​

ទោះជា​យ៉ាងណា សុខ សា​វិ​ន គេ​ប្រហែលជា​មិន​ពិបាក​ក្នុង​ការជួប Phat Srakeo នោះទេ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជា​ជើងចាស់​និង​ធ្លាប់​មានឈ្មោះ​បោះ​សម្លេង​គួរសម​ដែរ ។​ជា​លើក​ទី​៩ របស់​សា​វិ​ន​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ ។​ក្នុង​ការជួប​៨​លើក​កន្លងមក សា​វិ​ន វាយ​ឈ្នះ​ថៃ​៥​លើក និង​ចាញ់​៣​លើក ។ ចាំមើល លើក​នេះ​សុខ សា​វិ​ន អាច​យកឈ្នះ Phat Srakeo បាន​ឬ​អត់ ? ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu