Ad Code

ស៊យ​អស់​លេខ​ រើស​បាន​កាបូប​មាន​លុយ​តែ​១$​សោះ ​មិន​ព្រម​ឲ្យ​ម្ចាស់​គេ​វិញ​ ខំ​បើក​រត់ ​ពេល​គេ​ដេញ​ចាប់​បាន​វាយ​ប៉ោង​ភ្នែក



ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​ត្រូវ​គេ​វាយ​ប៉ោង​ភ្នែក​ និង​បែក​មុខមាត់​ ព្រោះតែ​រើស​បាន​កាបូប​លុយ​គេ​ហើយ​ម្ចាស់​គេ​សុំ​វិញ​មិន​ឲ្យ​ ​ព្យាយាម​ជិះ​រត់ ​ក៏​ត្រូវ​ជនរងគ្រោះ​​​ដេញ​តាម​ព្រមទាំង​ស្រែក​ថា​ ចោរៗ​ផង​នោះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នកដំណើរ​នាំគ្នា​បើក​ម៉ូតូ​ដេញ​តាម​ចាប់​បាន ​រួច​ព្រួត​គ្នា​វាយ​ ហើយ​ក៏​ប្រគល់​ជូន​សមត្ថកិច្ច​តែម្តង។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦​ខែ​សីហា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ​លេខ​៦៣​ កែង​ផ្លូវ​លេខ​១៥៤ ​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ ​ដែល​ឃាត់ខ្លួន​នោះ ​ឈ្មោះ​ឆោម ចាន់​ឡាយ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​លូ​ប្រាំ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ​ចិន​ដាំ ឃុំ ពោធិ​ចិន​ដាំ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​(​ជនសង្ស័យ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​តាមរយៈ​ធ្វើ​តេស្ដ​ទឹកនោម)។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​តាំង វិវឌ្ឍន៍​ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ មុខរបរ​មន្ត្រីរាជការ ​ស្នាក់នៅ​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ។ កាបូប​លុយ​របស់​ជនរងគ្រោះ​ ដែល​ជនសង្ស័យ​រើស​យក​មិនបាន​សម្រេច​នោះ ​មានតែ​លុយ​១​ដុល្លារ​ប៉ុណ្ណោះ ​និង​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​ ប័ណ្ណបើកបរ​រថយន្ត​១ ​​​​សៀវភៅ​ធនាគារ​ និង​កាត​ATM។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ធូ​ដេ​ឌុប​គូ​​ដណ្តឹង​ចេញពី​ផ្សារ​សូរិយា​ម៉​ល​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ ​ស្រាប់តែ​ជ្រុះ​កាបូប​លុយ​ ដែល​ដាក់​នៅ​ចន្លោះ​ម៉ូតូ។ ពេល​ជិះ​ហួស​បន្តិច​ក៏​បក​មក​ក្រោយ​វិញ​ដើម្បី​រើស​ ក៏​ស្រាប់តែ​​​​​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សង់​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BG 1532 ធ្វើដំណើរ​មកពី​ក្រោយ​ក៏​រើស​យក។ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​ថា ​ជា​កាបូប​របស់ខ្ញុំ​ទេ​ តែ​បុរស​រូបនោះ​មិន​ព្រម​ឲ្យ​ហើយ​បាន​បន្ថែម​ល្បឿន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ ក៏​ត្រូវ​ម្ចាស់​កាបូប​ស្រែក​ឲ្យ​ជួយ​ឃាត់​ ព្រមទាំង​បើក​ម៉ូតូ​ដេញ​តាម ​ព្រមទាំង​ស្រែក​ឆោឡោ​ថា​ ចោរៗ​ផង​នោះ ​ទើប​មាន​ប្រជាពលរដ្ឋ​ជួយ​ដេញ​ពី​ចំណុច​កើតហេតុ រហូតមកដល់​ចំណុច​មុខ​មន្ទីរពេទ្យ​ផ្តល់​ឈាម​ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ក៏​ជួប​សមត្ថកិច្ច​កំពុង​យាម​គោលដៅ​នោះ ​ជួយ​ឃាត់​បានតែ​ម្តង។

ប្រភព​ព័ត៌មាន​បា​ន​ប​ន្ត​ទៀត​ថា​ ក្នុង​ពេល​ចាប់បាន​បុរស ​ដែល​រើស​កាបូប​គេ​មិន​ព្រម​ឲ្យ​នោះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ប៉ោង​ភ្នែក​ និង​បែក​មុខមាត់ ​ហើយក៏​នាំ​ជនសង្ស័យ​ទៅ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​យកទៅ​សាកសួរ រួច​ក៏​ប្រគល់​ជនសង្ស័យ​រូប​នោះមក​ឲ្យ​មក​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងរាំង​​​ខណ្ឌដូនពេញ​វិញ​ដើម្បី​ចាត់ការ​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu