ឡៅ ចិត្រា អ្នកប្រដាល់វ័យក្មេងកម្ពុជា នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវគេផ្គូអោយជួបអ្នកប្រដាល់ថៃ យ៉តផាយ៉ាក ក.អេឌិសន(Yodpayak Kor.Adisorn) នៅលើសង្វៀនបាយ័នបឹងស្នោ នាល្ងាចថ្ងៃសៅរ៍ទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។ ឡៅ ចិត្រា និង យ៉តផាយ៉ាក ជួបប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
យ៉តផាយ៉ាក អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយកន្លងមក ដោយគ្រាន់តែមិនបានប៉ះជាមួយឡៅ ចិត្រា ប៉ុណ្ណោះ ។ ដូច្នេះ ក្នុងការប្រកួតនេះ ជាលើកទី១សម្រាប់អ្នកប្រដាល់ទាំងពីរជួបគ្នា ដែលការជួបនេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ ? ។
យ៉ាងណា ឡៅ ចិត្រា មិនអាចមើលស្រាល យ៉តផាយ៉ាក នោះឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនធម្មតានោះឡើយ ។
ឡៅ ចិត្រា ជាអ្នកប្រដាល់វ័យក្មេង ដែលខ្លាំងជាងគេក្នុងចំណោមអ្នកប្រដាល់កម្ពុជាដែលមានវ័យក្មេងនិងទម្ងន់ដូចគ្នានោះ ហើយយ៉ាងណាឡៅ ចិត្រា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរ សម្រាប់ពេលបច្ចុប្បន្ននេះ ។ ចិត្រា ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជា ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើននាក់មកហើយនាពេលកន្លងមក ដែលភាគច្រើនឈ្នះសឹងតែទាំងអស់រាល់ពេលជួបជាមួយថៃនោះ។ និយាយជារួម ចិត្រា ទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ ល្បិចកលនិងកាយសម្បទា សុទ្ធតែល្អនិងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ថៃ យ៉តផាយ៉ាក បានមិនខាន ។
យ៉តផាយ៉ាក ក៏ជាអ្នកប្រដាល់ថៃម្នាក់ដែលខ្លាំងដែរ ។ គេមានប្រវត្តិប្រកួតលើរេញច្រើនក្រាសក្រែលហើយ ។ ចាំមើល យ៉តផាយ៉ាក គេអាចយកឈ្នះ ឡៅ ចិត្រា បានដែរឬអត់ នៅក្នុងការជួបប្រកួតគ្នាលើកដំបូងនេះ ? ។
ចំណែក ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសថៃឈ្មោះផេតផុនរ៉ុម ផេតចិន្តា (Petchphonrom Petchchinda) ។
ចាន់ ប៊ុនហឿន ជើងខ្លាំងរបស់កម្ពុជានេះ គេទើបតែផ្តួលយកឈ្នះអ្នកប្រដាល់ថៃឈ្មោះJakpetch ក្នុងទឹកទី៥ កាលពីថ្ងៃទី០៨មិថុនាកន្លងទៅនេះ ។ ជាលើកទី២៩ របស់ប៊ុនហឿនហើយ ដែលគេជួបប្រកួតជាមួយថៃនេះ។ ប៊ុនហឿន ប្រកួតជាមួយថៃ២៨លើកកន្លងមកនេះ គឺឈ្នះ១៩លើក ចាញ់០៧លើក និងស្មើ០២លើក ។
ផេតផុនរ៉ុម ផេតចិន្តា ដែលជាគូរបស់ចាន់ ប៊ុនហឿននេះ គេមិនធ្លាប់មកប្រកួតនៅកម្ពុជាទេ ពីមុនមក ។ តាមអ្នកដឹកនាំអោយដឹងនោះថា អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងទម្ងន់៦០គីឡូក្រាមប្រចាំនៅស្រុកថៃ។ ឆ្លងកាត់ការប្រកួត៧៧លើក ផេតផុនរ៉ុម ផេតចិន្តា វាយឈ្នះ៦៣លើក ចាញ់១៣លើក និងស្មើ០១លើក។
ចាន់ ប៊ុនហឿន គេមានប្រវត្តិប្រកួតចំនួន៦៨លើក ឈ្នះ៥៧លើក និងចាញ់១០លើក និងស្មើ០១លើក ។ ប៊ុនហឿនគេមានថ្វីកែងនិងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាងចាន់ ប៊ុនហឿន និង ផេតផុនរ៉ុម ផេតចិន្តា នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ?៕
Source: Kampuchea Thmey Daily
0 Comments