Ad Code

ស្រុក​ចំនួន​៤ ក្នុង​ខេត្តរតនគិរី ត្រូវ​បាន​ប្រកាស​អាសន្ន



រតនគិរី​ ៖ ​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រុក​ចំនួន ៤ ក្នុងចំណោម​ស្រុក​-​ក្រុង ទាំង​៩ នៃ​ខេត្តរតនគិរី បាន​ជន់​ទឹក​លិច ដោយ​កម្ពស់​ទឹកទន្លេ​សេសា​ន្ត ឡើង​ខ្ពស់​ដល់ ៩,៧០​ម៉ែត្រ​ហើយ ដែល​ចំណុច​នេះ​លើស​កម្រិត​ប្រកាស​អាសន្ន ត្រឹមតែ​៩,៥០​ម៉ែត្រ ​ ខណៈ​​​មេឃ​នៅតែ​បន្ត​ធ្លាក់​ភ្លៀង​​​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជិត​៣​ខែ​មក​ហើយ​នោះ រួម​ទាំង​ការ​បញ្ចេញ​ធារទឹក​ពី​អាង​ស្តុក​ទឹក​សេសាន្ត​៤ និង​សេ​សាន្ត​៤ A ប្រទេស​វៀតណាម​មក​លើ​តំបន់​ភាគ​ខាងក្រោម​ទន្លេសេសាន នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦​និង​៤៥​នាទី​ព្រឹក​ម្សិលមិញ​នេះ ដែល​មាន​ធារទឹក ៣៤៧៨ m3/s។

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​រូបនេះ បាន​បញ្ជាក់ថា ស្រុក​ទាំង ៤ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ គឺមាន​ស្រុក​អូរ​យ៉ា​ដាវ ស្រុក​អណ្តូង​មាស ស្រុក​វើ​ន​សៃ និង​ស្រុក​តា​វែង ហើយ​គិត​ត្រឹម​ថ្ងៃរសៀល​ដដែល​ម្សិលមិញ​ ស្រុក​អណ្ដូង​មាស បាន​ជន់​លិច​ចូល​ដល់​ទីរួមស្រុក​ហើយ​អាជ្ញាធរ​ស្រុក បាន​ជម្លៀស​ប្រជាពលរដ្ឋ​បាន​ចំនួន ៥​ភូមិ​ហើយ ​ដោយ​អោយ​ទៅ​រក​ទីទួល​សុវត្ថិភាព​ផងដែរ​។​

​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី ក៏បាន​ធ្វើការ​សន្និដ្ឋាន​ថា កម្ពស់​ទឹកទន្លេ​សេ​សាន្ត​នៅ​យប់​នេះ នឹង​បន្ត​កើនឡើង​ហើយនឹង​បង្ក​អោយ​ជន់​លិច​តំបន់​មួយចំនួន​ក្នុងស្រុក​ទាំង ៤ ខាងលើនេះ​តែម្តង​។ ដោយឡែក​ចំពោះ​ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​វិញ ពុំមាន​សញ្ញា​ណាមួយ​គួរអោយ​ព្រួយបារម្ភ​ថា​នឹង​ជន់​លិច​នោះទេ​។ ​​រហូតមក​ដល់ពេលនេះ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ត្រៀម​មធ្យោបាយ​ព្រមទាំង​កម្លាំង ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេសេសាន​ទាំង​៤​ស្រុក រួមមាន ស្រុក​អូរ​យ៉ា​ដាវ ស្រុក​អណ្តូង​មាស ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ មករក​ទីទួល​សុវត្ថិភាព​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu