ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង៤៥ នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រកាសដោយ គជប កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ហើយកម្មវិធីនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ក្រោមអធិបតីភាពអ្នកនាំពាក្យទាំង៣រូប។
គណបក្សបានប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព។ ការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកអ្នកបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យ៉ាងកុះករ និងបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកថា ជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់នៅភាពចាស់ទុំរបស់កម្ពុជានៅក្នុងលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួម ហើយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន១២៥ អាសនៈតែម្តង៕
Source: Kampuchea Thmey Daily
0 Comments