Ad Code

ធ្វើ​សកម្មភាព​ឆក់​តាមផ្លូវ​ញឹកញាប់​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ពីរ​នាក់



ភ្នំពេញ ៖ ជនសង្ស័យ​ដែល​សកម្ម​ក្នុង​បទល្មើស​ឆក់​តាមផ្លូវ​សាធារណៈ​ញឹកញាប់​រហូតដល់​គេ​ស្គាល់​មុខ​ច្បាស់​ហើយ​នោះ ​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ស្ថាប័ន​តុលាការ​សម្រេច​ចូល​ឆែកឆេរ​ដកហូត​យក​វត្ថុ​តាង​មួយចំនួន​ និង ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​១៤ ​ខែសីហា ​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​តា​ងួន​សង្កាត់​កា​កាប​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​២​នាក់​នោះ​ទី ១​មានឈ្មោះ ឈឹម សុ​ខាវ ហៅ​អា​ខាវ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិ​តា​ងួន​ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ទី​២ មានឈ្មោះ សុខ សារិន ហៅ​អា​ជ្រឹង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ សម្ភារៈ​ដកហូត​បាន​រួម​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HC-9576 ជា​របស់​ជនសង្ស័យ​ឈ្មោះ​សុខ​ សារិន ​និង ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី​ស្មាស់​វី ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CF-1295 ជា​ម៉ូតូ​របស់​ជនសង្ស័យ​ឈ្មោះ ឈឹម សុ​ខាវ។



តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃទី​១៤​ ខែសីហា​ ឆ្នាំ២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការ​សម្របសម្រួល​ពី​លោក កុល បុ​ន ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​និង​តាមដាន​សកម្មភាព​បាន​ច្បាស់លាស់​ហើយ​នោះ​និង​ក៏​ដោយ​សារ​មានការ​សហការ​ល្អ​ ពី​ប្រជាពលរដ្ឋ​រាយ​ការណ៍​ប្រាប់​ផង​ដែរ ​អំពី​សកម្មភាព​ដែល​ជនសង្ស័យ​បាន​ធ្វើ​កន្លងមក​ដោយ​បាន​ធ្វើ​សកម្មភាព​ឆក់​តាមផ្លូវ​សាធារណៈ​ញឹកញាប់​ពោល​គឺ​ចំនួន​៤​លើក​មក​ហើយ ​ក្នុង​នោះ​បានសម្រេច​ចំនួន​បី​លើក។

ក្រោយពី​សួរនាំ​ជនសង្ស័យ​អ្នក​ទាំង​២​នាក់​ បាន​សារភាព​ថា ​កន្លងមក​ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទ្រព្យសម្បត្តិ​គេ​តាមផ្លូវ​សាធារណៈ​ចំនួន​៤​លើក​រួចមក​ហើយ ដោយ​លើក​ទី​១​នៅ​ថ្ងៃទី​២៨​ ខែ​កក្កដា ​ឆ្នាំ២០១៨ វេលា​ម៉ោង​៤និង​៣០នាទី​ នៅ​ចំណុច​ផ្សារ​តាំង​កសាង​ហៅ ផ្សារកណ្ដាល​ ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆក់​បាន​ទូរស័ព្ទ​ចំនួន១​គ្រឿង​ម៉ាក​អូ​ប៉ូ ល​ក់​បាន​លុយ​ចំនួន ៦០​ដុល្លា​។​ លើក​ទី​២​នៅ​ថ្ងៃទី ១២ ខែសីហា​ឆ្នាំ ២០១៨ វេលា​ម៉ោង​៦​ល្ងាច នៅ​ចំណុច​ភូមិ​តា​ងួន​ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ឆក់​បាន​ទូរស័ព្ទ​ដៃ​ម៉ាក អាយហ្វូ​ន លក់​បាន​លុយ​ចំនួន​១២០​ដុល្លារ។

លើក​ទី​៣ នៅ​ថ្ងៃទី១៣ ខែសីហា​ឆ្នាំ ២០១៨ វេលា​ម៉ោង​៧​យប់ ក្នុងភូមិ​តា​ងួន​ សង្កាត់​កាកាប១​ ខណ្ឌពោធិ៍​សែន​ជ័យ ​ឆក់​បាន​ទូរស័ព្ទ​ដៃ មិនបាន​សម្រេច​។ លើក​ទី​៤​នៅ​ថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០១៨ វេលា​ម៉ោង​១១​យប់​ នៅ​ចំណុច​ផ្លូវ​ជា​លេខ​៣ ក្បែរ​រង្វង់​មូល​ចោមចៅ​ ឆក់​បាន​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង លក់​បាន​លុយ​៦០ ដុល្លារ​។

ក្រោយពី​សាកសួរ​ជនសង្ស័យ​ទាំងពីរ​នាក់​រួច​សមត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu