Ad Code

អភិបាល​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅ​បុរី​សន្តិភាព​២ និង​បានសម្រេច​ធ្វើ​ផ្លូវ​៧​ខ្សែ លូ​មេ​៤​ខ្សែ នៅ​សង្កាត់​ចោមចៅ​២



ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា នេះ បាន​ដឹកនាំ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ស្តាប់​នូវ​សំណូមពរ របស់​ប្រជាពលរដ្ឋ រស់នៅ​សហគមន៍ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍សែន​ជ័យ​។



ក្នុង​ឱកាស​នោះ លោក​អភិបាល បានផ្តល់​ជូន​ជា​កាដូ​ជាច្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ មាន​ផ្លូវ​ចំនួន​៧​ខ្សែ និង​ប្រព័ន្ធ​លូ​មេ ចំនួន​៤​ខ្សែ តប​តាម​ការសន្យា កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កន្លងទៅនេះ​។

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា នៅក្នុង​បុរី​សន្តិភាព​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​សមិទ្ធផល​ជាច្រើន ដើម្បី​បំពេញ​ទៅតាម​តម្រូវការ ក្នុង​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ ដែល​ពីមុន​តំបន់​នេះ គ្មានអ្វី​ទាំងអស់ តែ​មកដល់​ឥឡូវនេះ ប្រជាពលរដ្ឋ​មានផ្ទះ​សម្បែង រស់នៅ​សមរម្យ មាន​ផ្សារ មាន​ប្រព័ន្ធ​ទឹក​-​ភ្លើង​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង និង​សេវា​សុខាភិបាល​ថែមទៀត​។



សហគម​ន៍សន្តិភាព​២ មានការ​អភិវឌ្ឍន៍​មិន​ចាញ់​សហគមន៍​ដទៃទៀត​ ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ,​ការ​យកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ចុះ​ជាប់​ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​បងប្អូន ជាពិសេស​ទទួលបាន​ការ​ណែនាំ និង​ការ​គិតគូរ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែង​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច​។



គួរ​បញ្ជាក់​ថា សហគមន៍​សន្តិភាព​២ មាន​សហគមន៍​ប្រជាពលរដ្ឋ​ចំនួន​៨​សហគមន៍​ស្មើនឹង​២៥៥០​គ្រួសារ ​ដែល​បងប្អូន​ភាគច្រើន​ប្រកប​របរ​លក់ដូរ​, ​សេវាកម្ម និង​កម្មករ​រោងចក្រ​។ ​បងប្អូន​ទាំង​ជាង​២​ពាន់​គ្រួសារ​នេះ​ ភាគច្រើន​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​បែប​មិន​រៀបរយ ​ចេញពី​សហគមន៍​ដីក្រហម​,​សហគមន៍​បឹងកក់ និង​១​ផ្នែក​ទៀត​មកពី​ប្រភព​ផ្សេងៗ​តាំងពី​ឆ្នាំ​២០០៦,២០០៩ និង​ឆ្នាំ​២០១០​។



​ក្នុង​ឱកាស​នោះដែរ លោក អភិបាល​រាជធានី​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​បោះឆ្នោត​យ៉ាងច្រើន​កុះករ បង្ហាញ​ពី​ឆ​ន្ទៈ ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត តាម​បែប​ប្រជាធិបតេយ្យ​។



លោក​ថា ក្នុងនាម​អាជ្ញាធរ ដែល​ជា​អាណាព្យាបាល តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​គ្រប់ពេល ជាពិសេស​នៅពេល​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​នានា​។​
​បន្ទាប់ពី​សំណេះសំណាល លោក អភិបាល និង​មន្ត្រី​ក្រោមឱវាទ បាន​បន្ត​ចុះ ទៅ​ពិនិត្យមើល​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​ភូមិ ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​ផ្តល់​ផ្លូវ​បេតុង​ឆ្អឹង​ដែក​មួយ​ខ្សែ​មាន​ប្រវែង​ជាង​១​ពាន់​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ពី​ភូមិ​ដូន​កុក ទៅ​ភូមិ​បឹង​ធំ ក្នុង​សង្កាត់​បឹង​ធំ និង​ទៅ​តំបន់​ផ្សេងៗ​ទៀត ដែល​តំបន់​ទាំងនោះ បាន​ទទួល​រង​ដោយ​ទឹកជំនន់​លិចលង់ កាល​ពី​ពេល​កន្លង​ទៅ​នេះ​។ រួច​ពី​នោះ ក្រុម​ប្រតិភូ សាលា​រាជធានី​ភ្នំពេញ និង អាជ្ញាធរ​មូលដ្ឋាន ក៏បាន​បន្តដំណើរ ទៅ​ពិនិត្យ​មើល​ការសាងសង់​រង្វង់​មូល តា​ង៉ុ​យ ដែល​ស្ថិត​ក្នុង​សង្កាត់ ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu