ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ដើម្បីត្រៀមបង្ការ ក្នុងការឆ្លើយតបឲ្យ បានទាន់ពេលវេលា ខណៈមានអ្វីមិនល្អកើតឡើង ដោយយថាហេតុ។
ជាក់ស្តែងក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលគ្រោះទឹកជំនន់ក្នុងខេត្តក្រចេះ កាលពីល្ងាចថ្ងៃ២ ខែសីហា លោកទេសរដ្ឋមន្ត្រីបណ្ឌិត ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា មានខេត្តចំនួន៤ ដូចជា ស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ បានទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គលើ បណ្តាលឲ្យពលរដ្ឋជាង ១ម៉ឺនគ្រួសារ រងការប៉ះពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ។
លោក ទេសរដ្ឋមន្ត្រីបណ្ឌិត បានបញ្ជាក់ទៀតថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននឹងកំពុងប្រើប្រាស់នូវវិធានការណ៍សរុប មធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីឆ្លើយតបទៅនឹងការ សង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះនៅ ក្នុងខេត្តក្រចេះទាំងមូលមាន ជាង៣ពាន់គ្រួសារ រួមទាំងគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួល សុវត្ថិភាព ព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យឲ្យទៅប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីថែទាំសុខភាពជូនប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក បណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានប្រកាសផ្តល់ជូននូវអង្ករ៣០តោនសម្រាប់ចែកជូនពល រដ្ឋរងគ្រោះក្នុងខេត្តក្រចេះ។
សូមបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ឥទ្ធិពលប្រព័ន្ធ សម្ពាធទាប និងឥទ្ធិពលបន្ទាប់ព្យុះទី៩ ក្នុងតំបន់បានបង្កឲ្យមានភ្លៀងធ្លាក់ច្រើនតាមបណ្តា ខេត្តជាច្រើនក្នុងកម្រិតពី ៥០ ទៅ ១០០ មីលី្លម៉ែត្រ ជាពិសេសខេត្តតាមឆ្នេរសមុទ្រទាំង៤ ដែលមានចាប់ពី ១០០ ដល់ ២០០ មីលី្លម៉ែត្រ និងបង្កជាទឹកជំនន់ទឹកភ្លៀងលិចលង់តំបន់ ទំនាបតាមប្រព័ន្ធទឹកដែលហូរធ្លាក់ ហើយការលិចលង់ភូមិដ្ឋានមួយចំនួនរបស់ប្រជាពលរដ្ឋតម្រូវឲ្យមានការ អន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋចេញទៅទីទួលសុវត្ថិភាពដែលត្រូវបានត្រៀមបម្រុងទុក។
ចំពោះការប៉ះពាល់ និងខូចខាតដោយបញ្ហាទឹកជំនន់នេះរួមមាន ស្រុក ក្រុងចំនួន ២២ រាជធានី ខេត្តចំនួន ១១ មាន ខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ កណ្តាល បាត់ដំបង ស្ទឹងត្រែង រតនគីរី និងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments