Ad Code

ក្រុម​ស្រី​ស្រស់​ ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ប្រឈមមុខ​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា



ភ្នំពេញ ​៖ ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ស្រី​ស្រស់​ត្រូវបាន​កំណត់​ថា ​ជា​ក្រុម​ប្រឈមមុខ​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា​ដោយសារ​ក្រុម​នេះ​ ត្រូវ​បាន​គេ​រកឃើញ​ថា ​មានការ​ប្រើប្រាស់​ស្រោម​អនាម័យ​នៅ​មាន​កម្រិត​ទាប និង​មាន​ជំងឺ​កាមរោគ​កម្រិត​ខ្ពស់​។

លោក​វេជ្ជបណ្ឌិត​តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​មានប្រសាសន៍ថា ​ក្រុម​ស្រី​ស្រស់ ( Transgender ) គឺ​សំដៅ​ទៅលើ​បុរស​ដែល​កំណត់​ខ្លួនឯង​ថា​ភេទ​ស្រី​ហើយ​បាន​ស្លៀកពាក់​ជា​ស្រី មាន​ឥរិយាបថ និង​ចរិត​លក្ខណៈ​ជា​ស្ត្រី។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​តាម​ការសិក្សា​បាន​ប៉ាន់ប្រមាណ​ថា​នៅ​កម្ពុ​ជាមាន ក្រុម​ស្រី​ស្រស់​ប្រមាណ ៣១៩៩ នាក់ នៅ​ទូទាំង​ប្រទេស ហើយ​ជាទូទៅ​អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុងចំណោម​ក្រុម​ស្រី​ស្រស់​នេះ​ គឺ​មាន​ចំនួន​៥.៩​ភាគរយ​និង​មាន​អត្រា​ខ្ពស់​ជាង​នេះ​នៅ​ខេត្តសៀមរាប ឧត្តរមានជ័យ​ និង ​នៅ​ភ្នំពេញ។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​ការដែល​ក្រុម​ស្រី​ស្រស់​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺអេដស៍​ដោយសារ​តែ​អត្រា​ការប្រើប្រាស់​ស្រោមអនាម័យ​នៅ​មាន​កម្រិត​ទាប និង​មាន​ជំងឺ​កាមរោគ​កម្រិត​ខ្ពស់។

ចំពោះមុខ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ ​លោក​វេជ្ជបណ្ឌិត​តែង គ​ន្ធី​ បាន​ស្នើ​ឲ្យ​ប្អូនៗ ក្មួយៗ​ដែល​ជា​ក្រុម​ស្រី​ស្រស់​ត្រូវ​ចេះ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍ និង​រួសរាន់​ទៅធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ និង ​ទទួល​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ដោយ​ឥតគិតថ្លៃ។

ក្រៅ​ពី​នេះ​ក្រុម​បុរស​រួមភេទ​នឹង​បុរស​នៅតែ​ជា​កង្វល់​ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ​ព្រោះ​ក្រុម​នេះ​ក៏​មាន​ការ​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​ខ្ពស់​ផងដែរ។

តាម​របាយការណ៍​រប​ស់​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំ​ណោម​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស និង​ក្រុម​ស្រី​ស្រស់​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ផ្ទុកមេរោគ​អេដស៍​បន្ថែម​ទៀត​ ដែល​ភាគច្រើន​ឋិត​ក្នុងចំណោម​យុវវ័យ ហើយ​ពួកគេ​ទាំងនោះ​ទើបនឹង​បង្ហាញខ្លួន​និង​អ្នក​ខ្លះទៀត​ទើបនឹង​ឆ្លង​ថ្មី។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្អែកលើ​ស្ថានភាព​នេះ សូម​អំពាវនាវ​ឲ្យ​ប្អូនៗ ក្មួយៗ​ដែល​ជា​ក្រុម​បុរស​រួមភេទ​បុរស​មេត្តា​ប្រុងប្រយ័ត្ន​នឹង​អនុវត្ត​វិធី​បង្ការ​ឲ្យបាន​ខ្ជាប់ខ្ជួន​តាមរយៈ​ការប្រើប្រាស់​ស្រោមអនាម័យ​ជាមួយ​ដៃគូ​របស់ខ្លួន។

សូមកុំ​ខ្មាសអៀន​ក្នុងការ​ស្វែងរក​សេវា​ធ្វើតេស្ត​ឈាម​ និង ​ព្យាបាល​ព្រោះថា​ មេរោគ​អេដស៍​/​ជំងឺអេដស៍​នៅ​មាន​បន្ត​ចម្លង និង​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជាសះស្បើយ​នៅឡើយ​ទេ។

លោក​ថា «​បើ​ស្រឡាញ់​ជាតិ និង​គ្រួសារ​របស់​អ្នក ត្រូវ​ការពារ​ខ្លួន​អ្នក​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍»។

គួរ​បញ្ជាក់​ថា ​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេដស៍ ជំងឺអេដស៍​នៅ​កម្ពុជា​ដែល​បានទទួល​លទ្ធផល​មក​ដល់​សព្វថ្ងៃ​នេះ គឺជា​លទ្ធផល​នៃ​ការចូលរួម​ជា​ពហុ​វិស័យ ពី​គ្រប់​ស្រទាប់វណ្ណៈ ទាំង​ប្រជាពលរដ្ឋ​ទួទៅ ទាំង​រដ្ឋាភិបាល និង​ទាំង​សង្គម​ស៊ីវិល។ ការអនុវត្ត​រួមគ្នា​បាន​បញ្ចៀស​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់​មិន​ឲ្យស្លាប់ និង​មិនអោយ​ឆ្លង​មេរោគ​អេដស៍។

ជាមួយគ្នា​ផងដែរ​ ធនធានមនុស្ស​ថ្មី​ជាច្រើន​ត្រូវ​បាន​បណ្តុះបណ្តាល នៅ​ពេល​ដែល​ធនធានមនុស្ស​ ដែល​ជា​សកម្មជន​ដំបូង​បាន​បាត់បង់​ជា​បន្ត​បន្ទាប់​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu