ភ្នំពេញ ៖ កម្ពុជាគ្រោងនឹងបញ្ជូនសិស្សបឋមសិក្សាចំនួន២៤រូប ទៅចូលរួមប្រឡងប្រកួតប្រជែងគណិតវិទ្យានិងវិទ្យាសាស្ត្រអន្តរជាតិអូឡាំព្យាដលើកទី១៥ នៅខេត្តស៊ីជាំងប្រទេសចិន នាចុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
លោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាបានជំរុញឲ្យអាណាព្យាបាលសិស្សថ្នាក់ទី៥និងទី៦ និងគណៈគ្រប់គ្រងសាលារដ្ឋនិងឯកជននៅក្នុងរាជធានីភ្នំពេញទាំងអស់នាំកូននិងសិស្សមកដាក់ពាក្យនៅនាយកដ្ឋានបឋមសិក្សាដើម្បីចូលរួមប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យានិងវិទ្យាសាស្ត្រកំរិតអន្តរជាតិជាមួយសិស្សមកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី។
លោក កាន់ ពុទ្ធីបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ឲ្យដឹងថា ការប្រកួតប្រជែងគណិតវិទ្យា និង វិទ្យាសាស្ត្រអន្តរជាតិអូឡាំព្យាដនេះ មានពីរវិញ្ញាសាគឺវិញ្ញាសាគណិតវិទ្យានិងវិទ្យាសាស្ត្រដែលប្រឡងទៅលើទ្រឹស្តីនិងការអនុវត្តផ្ទាល់។
លោកបានបន្តថា បេក្ខជនដែលអាចចូលរួមប្រឡងនេះបាន លុះត្រាតែមានសមត្ថភាពនិងចំណេះដឹងខ្ពស់ទៅលើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រនិងកុំព្យូទ័រណពិសេសមានចំណេះដឹងស្ទាត់ជំនាញលើភាសាអង់គ្លេស ព្រោះថា គ្រប់វិញ្ញាសាប្រឡងទាំងអស់សុទ្ធតែប្រើប្រាស់ភាសាអង់គ្លេស។
លោកកាន់ ពុទ្ធី ក៏បានណែនាំដល់អាណាព្យាបាលសិស្សនិងគណៈគ្រប់គ្រងសាលារដ្ឋនិងឯកជន ត្រូវប្រញាប់ប្រញាល់នាំកូននិងសិស្សមកដាក់ពាក្យប្រឡងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១០សីហាជាកំហិត ព្រោះថា ក្រសួងត្រូវធ្វើតេស្តសមត្ថភាពជម្រុះបេក្ខជននៅថ្ងៃទី១៣ ខែសីហា ដើម្បីធ្វើការបំប៉នរយៈពេល១ខែកន្លះ មុនបញ្ជូនបេក្ខជនទៅចូលរួមប្រឡងនៅចុងខែកញ្ញាខាងមុខនេះ។
ជាមួយគ្នានេះដែរ លោកអនុប្រធាននាយកដ្ឋានបឋមសិក្សាក៏បានជំរុញឲ្យអាណាព្យាបាលជួយលើកទឹក និង ជំរុញឲ្យកូនចៅរបស់ខ្លួនខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឲ្យពួកគេកាន់តែមានសមត្ថភាពខ្ពស់ដើម្បីចូលរួមប្រឡងប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងលក្ខណៈអន្តរជាតិនានា។
ទន្ទឹមនឹងនេះ លោកក៏បានស្នើឲ្យក្រសួងអប់រំយុវជននិងកីឡាបន្តគាំទ្រនិងបញ្ជួនសិស្សកម្ពុជាទៅចូលរួមប្រឡងកម្មវិធីប្រឡងកំរិតអន្តរជាតិឲ្យបានច្រើនថែមទៀតដើម្បីឲ្យសិស្សបានបញ្ចេញសមត្ថភាពក៏ដូចជាប្រៀបធៀបចំណេះដឹងជាមួយសិស្សមកពីតាមបណ្តាប្រទេសនានា។
លោកបានឲ្យដឹងទៀតថា នេះគឺជាលើកទី២ហើយដែលក្រសួងអប់រំយុវជននិងកីឡាបានបញ្ជូនសិស្សថ្នាក់ទី៥ និង ទី៦ ទៅចូលរួមប្រកួតប្រជែងគណិតវិទ្យានិងវិទ្យាសាស្ត្រអន្តរជាតិអូឡាំព្យាដនេះ ខណៈដែលលើកទី១ក្រសួងបានបញ្ជូនសិស្សចំនួន១៦រូប ទៅចូលរួមប្រឡងនៅប្រទេសហ្វីលីពីន ក្នុងនោះមានសិស្សចំនួន៤នាក់ទទួលបានមេដាយសំរិទ្ធ។
ចំណែកលោក មាស ឆពណ្ណ នាយកសាលាបឋមសិក្សាព្រះនរោត្តម បានថ្លែងកាលពីថ្ងៃទី៣ខែសីហា ឆ្នាំ២០១៨ ឲ្យដឹងថា សាលារបស់លោកកំពុងតែជ្រើសរើសសិស្សថ្នាក់ទី៥និងទី៦ដែលមានសមត្ថភាពខ្ពស់ផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ អាយធីនិងភាសាអង់គ្លេសដើម្បីធ្វើតេស្តសមត្ថភាពនិងជម្រុះរកសិស្សឆ្នើមដាក់ពាក្យប្រឡងប្រកួតប្រជែងនៅប្រទេសចិន។
គួរបញ្ជាក់ថា ការប្រឡងប្រកួតប្រជែងគណិតវិទ្យានិងវិទ្យាសាស្ត្រអន្តរជាតិអូឡាំព្យាដលើកទី១៥ នៅខេត្តស៊ីជាំង នៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments