ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ (U19) បានប្រកួតមិត្តភាពដកស្រង់បច្ចេកទេសចាញ់ក្រុមបាល់ទាត់ JFL Selection (Japan Football League ហៅកាត់ថា JFL) មកពីប្រទេសជប៉ុន ដោយលទ្ធផល ៤ទល់០ នៅល្ងាចថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។
ក្រោយប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុម U19កម្ពុជា នេះក្រុម JFL Selection Team ត្រូវបន្តប្រកួតមួយលើកទៀតថ្ងៃអាទិត្យ ទី០៥ ខែសីហា ចុងសប្ដាហ៍នេះ ដោយប៉ះក្រុមកំពូលតារាងលីគកំពូលកម្ពុជា Metfone Cambodian League 2018 គឺក្រុម បឹងកេតអែហ្វស៊ី ដោយប្រើប្រាស់ទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដូចគ្នា។
លោក Katsumasa Terouch គ្រូបង្វឹករបស់ក្រុម JFL បានលើកឡើងថា «ឆ្នាំនេះគឺជាខួប ២០ឆ្នាំ នៃការបង្កើតក្រុម Japan Football League ដូច្នេះសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ក៏ដូចជាក្រុមការងាររបស់ JFL បានពិភាក្សាគ្នា និងបានឯកភាពជ្រើសរើសក្រុមមួយចំនួន នៅកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពនិងអបអរសាទរខួប ២០ឆ្នាំរបស់ JFL តែម្ដង ដែលតំណាងដោយក្រុមកីឡាករជម្រើសលីគទី៤ របស់ជប៉ុន»។
ចំពោះក្រុម U19កម្ពុជា កំពុងតែដឹកនាំដោយលោក Musashi Mizushima ជាជនជាតិជប៉ុន ដែលនោះនិងជាគ្រូបង្វឹកក្រុមសាលាបាល់ទាត់ជាតិបាទី ខណៈក្រុមនេះទើបតែបញ្ចប់បេសកកម្មក្នុងកម្មវិធីប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF U19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី ដោយធ្លាក់ត្រឹមវគ្គជម្រុះតាមពូល។
កម្ពុជា និងជប៉ុន មានប្រវត្តិទំនាក់ទំនងគ្នាជាមួយជាច្រើននៅក្នុងវិស័យបាល់ទាត់ជាក់ស្តែងខាងជប៉ុនធ្លាប់បានគ្រូបង្វឹកចំនួន៣លើកហើយមកជួយបង្វឹកដល់សាលាបាល់ទាត់ជាតិកម្ពុជា ក្នុងគោលដៅពង្រឹងធនធានមនុស្សនៅឆ្នាំ២០២៣ ខាងមុខ ខណៈជប៉ុនក៏បានមកវិនិយោគបង្កើតក្លិបបាល់ទាត់ចំនួន២នៅក្នុងលីគកំពូលកម្ពុជាគឺក្លិបសូលទីឡូអង្គរ និងក្លិបអង្គរថាយហ្គឺរ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments