ភ្នំពេញ ៖ រដ្ឋសភាបានត្រៀមខ្លួនជាស្រេចនៅក្នុងការរៀបចំប្រជុំរដ្ឋសភា នីតិកាលទី៦ជាលើកដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅពេលឆាប់ៗខាងមុខ។ នេះបើតាមប្រសាសន៍លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២ ខែសីហានេះ។
អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានបន្តថា បច្ចុប្បន្នមន្ត្រីជំនាញកំពុងមមាញឹកកែលំអសាលប្រជុំរដ្ឋសភាឲ្យបានស្អាត និងកន្លែងការិយាល័យអ្នកតំណាងរាស្ត្រទាំង១២៥រូបឲ្យបានសមរម្យ។ ជាមួយគ្នានោះមន្ត្រីជំនាញរដ្ឋសភាគ្រោងនឹងបើកកិច្ចពិភាក្សាលំអិតជាមួយនឹងសម្តេចចៅហ្វាវាំងវរវាងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងទាំងផ្នែកពិធីការ បច្ចេកទេស និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធដើម្បីឲ្យកិច្ចប្រជុំនេះដំណើរការដោយរលូន។
លោកអគ្គលេខាធិការរដ្ឋសភាបញ្ជាក់ថា ការរៀបចំត្រៀមលក្ខណៈនេះ ដើម្បីឲ្យសាកសមទៅនឹងព្រះកិត្តិនាមដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ និងជាការឲ្យតម្លៃខ្ពស់ទៅលើប្រជាពលរដ្ឋទូទាំងប្រទេសជាម្ចាស់ឆ្នោត ព្រោះសមាជិកសភាទាំងអស់ជាតំណាងឲ្យប្រជាជនទូទាំងប្រទេស។
តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ចំនួនអាសនៈក្នុងរដ្ឋសភា នីតិកាលទី៦នេះ មានចំនួន១២៥ ហើយតាមការគ្រោងទុក គ.ជ.ប និងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតនីតិកាលទី៦នេះ នៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានឹងកោះប្រជុំតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប ដើម្បីប្រជុំរដ្ឋសភាជាលើកដំបូងនៅក្នុងអំឡុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត បន្ទាប់ពីមហាក្សត្រកោះប្រជុំតំណាងរាស្ត្រជាលើកដំបូងរួចរាល់ហើយនោះ រដ្ឋសភានឹងបន្តសម័យប្រជុំសភា ដែលដឹកនាំដោយព្រឹទ្ធសមាជិកសភា ដែលមានអាយុច្រើនជាងគេដើម្បីបន្តនីតិវិធី និងដឹកនាំសមាជិករដ្ឋសភាទៅស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង។
បើយោងតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង ១ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២ ខែសីហាមកនេះថា ព្រះមហាក្សត្រនឹងចេញព្រះរាជសារមួយកោះប្រជុំសមាជិកតំណាងរាស្ត្រពីគណបក្ស ដែលឈ្នះឆ្នោតចូលរដ្ឋសភានៅព្រឹកថ្ងៃទី១៩ ខែកញ្ញា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផល និងធ្វើការបែងចែកអាសនៈជាផ្លូវការ។
បន្ទាប់មកនៅល្ងាចថ្ងៃទី១៩ ខែកញ្ញា សមាជិកសភានីតិកាលទី៦ និងធ្វើសច្ចាប្រណិធាន ហើយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៦ នឹងប្រជុំនៅព្រឹកថ្ងៃទី ២០ ខែកញ្ញា៕
Source: Kampuchea Thmey Daily
0 Comments