Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ ជំរុញ​ឲ្យ​យុវជន​ខ្មែរ​អ៊ីស្លាម​ទាំងអស់​អភិវឌ្ឍចំណេះដឹង​ដើម្បី​អភិវឌ្ឍ​សហគមន៍​និង​សង្គម​កម្ពុជា



ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​បាន​ជំរុញ​ឲ្យ​យុវជន ខ្មែរ​អ៊ីស្លាម​ទាំងអស់​អភិវឌ្ឍ​ចំណេះដឹង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ដើម្បី​អភិវឌ្ឍ​សហគមន៍​របស់ខ្លួន​ និង ​សង្គម​កម្ពុជា​ខណៈ​កម្រិត​វប្បធម៌​របស់​យុវជន​ខ្មែរ​អ៊ីស្លាម​មួយចំនួន ​នៅ​មាន​កម្រិត​នៅឡើយ​។

លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏បាន​អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ អ៊ីស្លាម​ទាំងអស់​ខិតខំ​សិក្សា​ចំណេះ​ទូទៅ​និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ថែមទៀត​ផងដែរ​ស្របពេល​ដែល​បច្ចុប្បន្ន​មាន​យុវជន​ខ្មែរ អ៊ីស្លាម​មួយចំនួន​សិក្សា​ផ្តោត​តែ​ទៅលើ​ខាង​សាសនា​ប៉ុណ្ណោះ​។

ថ្លែង​ក្រោយ​សិក្ខាសាលា​ស្តីពី​តម្លៃ​ការអប់រំ​និង​ការអភិវឌ្ឍន៍​យុវជន​ក្រោម​ប្រធានបទ ដើម្បី​កសាង​សហគមន៍​ខ្មែរ​អ៊ីស្លាម​បញ្ហា​ប្រឈម​និង​យុទ្ធសាស្ត្រ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែសីហា​ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ លោក​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​អប់រំ​ផ្នែក​អ៊ីស្លាម​ទាំងអស់​ត្រូវ​រួបរួម​និង​ឯកភាព​គ្នា​តែមួយ​ ទៅលើ​កម្មវិធីសិក្សា​ឲ្យ​ស្រប​ទៅ​នឹង​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​ឲ្យ​សិស្ស​ខ្មែរ អ៊ីស្លាម​ទទួលបាន​ចំណេះដឹង​ទូទៅ​និង​ជំនាញ​ចូលរួម​អភិវឌ្ឍ​សង្គម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។



លោក ហូ​សេន មូ​ហាំ​ម៉ាត់ ហ្វា​រី ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា​និង​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​បញ្ញវន្ត​មុ​ស្លី​ម​កម្ពុជា​ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​ដែរនោះ​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​មាន​យុវជន​ខ្មែរ​អ៊ីស្លាម​មួយចំនួន​មានការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ដោយសារតែ​ពួកគាត់​រៀន​តែ​ខាង​សាសនា​ដោយ​មិនបាន​រៀនចំណេះ​ទូទៅ​និង​ជំនាញ​ផ្សេងៗ​ទៀត​។

លោក​បាន​បន្ត​ថា ​«​បញ្ហា​យុវជន​ខ្មែរ​អ៊ីស្លាម​មានការ​ប្រឈម​បញ្ហា​ច្រើន​ដោយសារតែ​មិនបាន​រៀនចំណេះ​ដឹង​ទូទៅ​ និង ​ជំនាញ​វិជ្ជាជីវៈ​សិក្ខាសាលា​នេះ​ នឹង​ជួយ​ជំរុញ​ឲ្យ​ពួកគេ​ចាប់ផ្តើម​គិតពិចារណា​រៀនចំណេះ​ដឹង​និង​ជំនាញ​ផ្សេងៗ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ផង គ្រួសារ​និង​សង្គមជាតិ​ផង»។

លោក​បាន​បន្ថែម​ថា ​យុវជន​ខ្មែរ​អ៊ីស្លាម​ត្រូវតែ​រៀន​ទាំងពីរ​ គឺ​រៀន​ផ្នែក​ខាង​សាសនា​ផង​និង​រៀន​ចំណេះដឹង​ទូទៅ​ផង​ ព្រោះ​ថាបើ​រៀន​តែ​ផ្នែក​សាសនា​តែមួយ​មុខ​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​សង្គម​ដែល​ត្រូវការ​អ្នកធ្វើការ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ៗ​ដូចជា​ផ្នែក​បច្ចេកវិទ្យា​ជាដើម​។

លោក ហូ​សេន មូ​ហាំ​ម៉ាត់ ហ្វា​រី បាន​ឲ្យ​ដឹង​ទៀត​ថា ​ដើម្បី​ឲ្យ​យុវជន​ខ្មែរ​អ៊ីស្លាម​ទទួល​បាន​ចំណេះដឹង​ និង ​ចំណេះធ្វើ​នោះ​អង្គការ​បាន​រៀបចំ​ជា​សិក្ខា​សា លា​ជាច្រើន​ដើម្បី​ផ្តល់​ចំណេះដឹង​និង​បទពិសោធន៍​ល្អៗ​ដល់​យុវជន​ដើម្បី​តម្រង់​ទិស​ពួកគេ​សម្រាប់​ថ្ងៃ​អនាគត​ឲ្យ​បានល្អ​ប្រសើរ​និង​ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​និង​បណ្ឌិត​ដើម្បី​ឲ្យ​យុវជន​បាន​បន្ត​ការសិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅក្នុង​ស្រុក​និង​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក​បាន​បញ្ជាក់​ថា ​នា​ពេល​ខាងមុខនេះ​ អង្គការ​គ្រោង​នឹង​សហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​បង្កើត​សាកលវិទ្យាល័យ​មួយ​សម្រាប់​និស្សិត​ខ្មែរ​អ៊ីស្លាម​បាន​សិក្សា​រៀនសូត្រ​កាន់តែ​ខ្ពស់​ថែមទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍ​សហ​គន៍​អ៊ីស្លាម​ឲ្យ​មានការ​រីកចម្រើន​និង​ជឿនលឿន​ថែមទៀត​ខណៈ​បច្ចុប្បន្ននេះ​នៅ​ប្រទេស​កម្ពុ​ជា មាន​ជនជាតិ​អ៊ីស្លាម​ប្រមាណ​៧០​ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​ដែល​ភាគច្រើន​ជា​យុវជន​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu