ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសស្ត្រីម្នាក់ ដែលជួលឃាតកអោយសម្លាប់ប្ដី និងឃាតកដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងអំពើឃាតកម្ម តាមសត្រា២៨ និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទី១ ដែលត្រូវបានផ្ដន្ទាទោសឈ្មោះ សូ ផា ភេទប្រុស អាយុ ២៩ឆ្នាំ ជាកូនធម៌ជនរងគ្រោះ។ ជនជាប់ចោទទី២ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ តែម្ដង។
ចំណែកជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី ត្រូវបានក្រុមឃាតករួមគំនិតគ្នាសម្លាប់កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា នៅក្នុងសវនាការ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ សូ ផា បានសារភាពថា ជនជាប់ចោទ ឈ្មោះ សៅ សំអឿន ជាប្រពន្ធជនរងគ្រោះ បានជួលខ្លួន ក្នុងតម្លៃ ១ពាន់ដុល្លារ ឲ្យសម្លាប់ប្តី និងយកយករថយន្តទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះ ឈ្មោះ កៅ ផា ជាប្តីយកឡាន តូរីស ដែលឈ្មោះ សៅ សំអឿន ជាប្រពន្ធយកលុយ កូនធ្វើការនៅប្រទេសកូរ៉េចំនួន ១២,០០០ដុល្លារ ទិញឲ្យរត់តាក់ស៊ី តែបែរជាជនរងគ្រោះយកទៅរកស៊ីចិញ្ចឹមស្រីស្នេហ៍ ហើយចុះចោលប្រពន្ធកូនទៅវិញ។
ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រីថ្មីចុះចោលផ្ទះ។
កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីពលរដ្ឋបាន ប្រទះឃើញសាកសព ជនរងគ្រោះ ចងផ្អោបនឹងដុំថ្ម នៅក្នុងប្រឡាយទឹកស្អុយនៅចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦៕
Source: Kampuchea Thmey Daily
0 Comments